លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ទទួលជួបសវនាការជាមួយអតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិនៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន ទី២ នៃរដ្ឋសភា នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ បានទទួលជួបសវនាការ និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ូ ឈីមីង (Shu Qiming) អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិនៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន អមដំណើរដោយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ។
លោកជំទាវកិត្តិសង្គបណ្ឌិតបានធ្វើការវាយតំលៃខ្ពស់ទៅលើដំណើរទស្សនកិច្ចការងារនាពេលនេះ ពិតជារួមចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាយូរលង់ណាស់មកហើយតាំងពី ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលនេះជាការអនុវត្តនូវស្មារតីដ៏មុះមុតរវាង សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនភីង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិសយ័របស់រដ្ឋ និងបក្សនៃប្រទេសទាំងពីរ ឱ្យក្លាយជាការពិតជាក់ស្តែង ។
លោកជំទាវបានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់នូវ«គោលការណ៍ចិនតែមួយ» និង«គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ» ហើយចាត់ទុកបញ្ហានៅហុងកុង តៃវ៉ាន់ និងស៊ីនជាំងជាដើមគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ លោកជំទាវបានបន្ថែមថា កម្ពុជាតែងតែគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ប្រទេសចិន រួមមាន៖ «គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់-BRI» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល-GDI» «គំនិតផ្តួចផ្តើមសន្តិសុខសកល-GSI» និងថ្មីៗនេះគឺ «គំនិតផ្តួចផ្តើមអរិយធម៌សកល-GCI» ដែលនាំមកនូវស្ថិរភាព និងវិបុលភាពសម្រាប់តំបន់និងពិភពលោក ហើយកម្ពុជាជាប្រទេសទីមួយដែលបានចុះហត្ថលេខាលើផែនការសកម្មភាពនៃ «សហគមន៍ជោគវាសនារួម»។ ជាងនេះទៅទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជក់ពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council – ACC) នៅក្នុងក្របខណ្ឌនៃគណបក្សនយោបាយអាស៊ី ដែលនឹងដើរក្លាយជាច្រករបៀងវប្បធម៌ ដើម្បីការតភ្ជាប់អរិយ្យធម៌ចម្រុះ។
ឯកឧត្តម ស៊ូ ឈីមីង បានមានប្រសាសន៍ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូចិននាពេលនេះធ្វើឡើងក្នុងគោលបំណង ១) អនុវត្តជាក់ស្តែងនូវគំនិតសំខាន់ៗរវាងសម្តេចតេជោ និងឯកឧត្តម ស៊ី ជិនពីង ២) ផ្តល់បទឧទ្ទេសនាមស្តីពីលទ្ធផលនៃសន្និបាតគណបក្សកុម្មុយនីស្តចិនលើកទី២០ ៣) ចែករំលែកបទពិសោធន៍ និងគំនិតថ្មីៗនៃការដឹកនាំគ្រប់គ្រងបក្ស និងរដ្ឋ ។
គណៈប្រតិភូចិនក៏បានសម្តែងនូវអំណរគុណជូនចំពោះ សម្តេចតេជោ និងសូមវាយតម្លៃខ្ពស់ចំពោះចំហរកម្ពុជា ដែលបានគាំទ្រចិន ដោយឈរលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រនិងយុត្តិធម៌។ គណៈប្រតិភូចិនក៏បានបញ្ជាក់ពីការគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជំនាន់ក្រោយក្នុងការបន្តដឹកនាំកម្ពុជាយូរអង្វែងទៅមុខទៀត និងសូមវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចតេជោ ដែលបាននាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានពង្រឹងនិងពង្រីកតួនាទីកម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវទំនុកចិត្តពីប្រជាជន ហើយភាគីចិន ជឿជាក់ថាគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំប្រទេសសម្រេចបាននូវវិបុលភាពប្រជាជន សន្តិភាព និងការអភិវឌ្ឍរុងរឿងតទៅមុខទៀត ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ