ក្រសួងការងារឱ្យពង្រឹងវិធានការបង្ការអគ្គិភ័យ និងលើកកម្ពស់សុខភាពការងាររបស់ កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះសា្ថន
ភ្នំពេញ៖ ខណៈពេលរដូវក្តៅកំពុងតែគ្រប់ដណ្តប់ និងក៏ដូចជាវិធានការទប់ស្កាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំមួយដល់សហគ្រាស គ្រឹះស្ថានឱ្យមានការពង្រឹងវិធានការបង្ការអគ្គិភ័យដើម្បីលើកកម្ពស់សុខភាពការងាររបស់ កម្មករនិយោជិត ។
ក្នុងសេចក្តីណែនាំដែលបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ដោយក្រើនរំលឹក និង ណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់ មួយចំនួនដូចខាងក្រោម៖
១-ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទីនិងភារកិច្ចរបស់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ប្រចាំសហគ្រាស គ្រឹះស្ថាន។ ២-អប់រំ និងបណ្ដុះបណ្តាលកម្មករនិយោជិតឱ្យយល់ដឹងអំពីសញ្ញាការសុវត្ថិភាព របៀបជម្លៀសខ្លួន និងធ្វើលំហាត់សមនៅពេលមានអាសន្ន។ ៣-ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស។ ៤-ផ្តល់ទឹកស្អាត និងមានអនាម័យសម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់ដល់កម្មករនិយោជិត។ ៥-ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹង ប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។ ៦-ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់សម្ភារបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។ ៧-រៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់សារ ធាតុងាយឆាបឆេះនិងរក្សាទុកដាក់សារធាតុទាំងនោះឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬ អគារផលិតកម្ម។
៨-បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុឱ្យមានអគ្គិភ័យ កើតឡើងជាយថាហេតុនៅកន្លែងធ្វើការ។ ៩-ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យ ដំណើរការឱ្យបានយ៉ាងហោច ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។ ១០-បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្មនៅ ពេលអាកាសធាតុកើនកំដៅ និងរៀបចំទុកដាក់សម្ភារនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពកុំឱ្យបាំងប្រភពខ្យល់ចេញចូល។
១១-ត្រួតពិនិត្យនិងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់
ដល់កម្មករនិយោជិត ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពី ខាងក្រៅបរិវេណនៃសហគ្រាស គ្រឹះស្ថាន។ ១២-ត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ឡចំហាយទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពព្រមទាំងមានលិខិតអនុញ្ញាតពីក្រសួងស្ថាប័នជំនាញ ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ឡចំហាយ ។
ជាមួយគ្នានេះក្រសួងការងារបានបញ្ជាក់ក្នុងសេចក្តីណែនាំរបស់ខ្លួនផងថាបើក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ត្រូវ ទទួលការពិន័យតាមច្បាប់ជាធរមាន ៕ ដោយ ៖ ម៉ាដេប៉ូ