អភិបាលរាជធានីភ្នំពេញ៖ បុគ្គលិកពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អ នាពេលកន្លងមក ពិសេសនៅក្នុងយុទ្ធនាការនៃការបង្ការទប់ស្កាត់ជំងឺ covid-19
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា បុគ្គលិកពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អ នាពេលកន្លងមក ពិសេសនៅក្នុងយុទ្ធនាការនៃការបង្ការទប់ស្កាត់ជំងឺ covid-19 ។ ពេទ្យរបស់យើង ពិតជាមានសមត្ថភាពគ្រប់គ្រាន់ មិនចាញ់គ្រូពេទ្យបរទេសនោះទេ។ អ្វីដែលយើងខ្វះខាតនោះ គឺយើងមិនទាន់មានម៉ាស៊ីនទំនើបៗ ដូចបណ្ដាលប្រទេសជឿនលឿនមួយចំនួន តែសមត្ថភាពគ្រូពេទ្យយើងមិនអន់នោះទេ។
ការលើកឡើងបែបនេះ របស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ ក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាលឆ្នាំ ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវ ចុះMOU ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីបំពេញការងារលើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។ មន្ទីរសុខាភិបាលត្រូវ បន្តការសហការជាមួយអាជ្ញាធរខណ្ឌចុះធ្វើការត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ឬមិនមានច្បាប់។យើងមិនអាចទុកឱ្យមានអ្នកជម្ងឺស្លាប់ បានយើងចុះពិនិត្យ និងបិទអាជីវកម្មនោះទេ។
បន្ថែមពីនេះ ឯកឧត្តម អភិបាល ក៏បានធ្វើការណែនាំអោយមណ្ឌលសុខភាព មន្ទីរពេទ្យនានា ជាមន្ទីរពេទ្យដែលមានបរិស្ថាន អនាម័យល្អ។ អ្វីដែលល្អបំផុតគឺការអនុវត្តការងារជាក្រុម។ ដោយមើលឃើញពីបញ្ហានេះ ទើបរាជរដ្ឋាភិបាល ប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ សំដៅ អោយការផ្តល់សេវា ត្រូវតែនៅគៀកកិត និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានលទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ លទ្ឋផលទាំងនេះ បានមកពីការខិតខំ ប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយមានការគាំទ្រពីអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៏សុខាភិបាល និងការចូលរួមរបស់សហគមន៍ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ