មនុស្សយ៉ាងហោចណាស់ ៤០ នាក់ ស្លាប់ក្នុងអគ្គិភ័យឆាបឆេះមន្ទីរឃុំជនចំណាកស្រុកនៅម៉ិកស៊ិក
ម៉ិកស៊ិក៖ មនុស្សយ៉ាងហោចណាស់ ៤០ នាក់ បានស្លាប់នៅក្នុងអគ្គិភ័យមួយ ដែលឆាបឆេះលើមន្ទីរឃុំខ្លួនជនចំណាកស្រុកនៅទីក្រុង Ciudad Juarez ភាគខាងជើងនៃប្រទេសម៉ិកស៊ិក ដែលស្ថិតនៅជាប់ព្រំដែនរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃចន្ទ។
បើតាមប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានុយអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) អាជ្ញាធរម៉ិកស៊ិកបានអះអាងថា អគ្គិភ័យចាប់ផ្ដើមឆាប់ឆេះប្រហែលជាម៉ោង ៩ កន្លះយប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២៧ខែមីនានេះ ក្រោយពេលជនចំណាកស្រុកខ្លះបាននាំគ្នាដុតពូក ដើម្បីប្រឆាំងតវ៉ានឹងការចាប់បញ្ជូនខ្លួនទៅប្រទេសកំណើតវិញ។
បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីរបស់លោក ឡូប៉េស អូប្រាដ័រ ជនរងគ្រោះដែលស្លាប់ទាំងអស់នោះ គឺជាជនចំណាកស្រុកពីប្រទេសនៅអាមេរិកកណ្ដាល និងប្រទេសវ៉េណេស៊ុយអេឡា (អាមេរិកខាងត្បូង)។
ចំណែកឯវិទ្យាស្ថានជាតិចំណាកស្រុករបស់ម៉ិកស៊ិក (NMI) វិញ បានឱ្យដឹងថា មានមនុស្ស ២៨ នាក់ទៀតបានរងរបួសក្នុងអគ្គិភ័យដដែលនោះ ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រុមមន្ត្រីម៉ិកស៊ិក បានគូសបញ្ជាក់បន្ថែមពីនេះផងដែរថា ទាំងអ្នកស្លាប់ និងជនរងគ្រោះសុទ្ធតែជាបុរសពេញវ័យ។
ខ្សែវីដេអូមួយ ដែលគេចែកចាយតៗគ្នាលើបណ្ដាញសង្គមថាបានមកពីកាមេរ៉ាសុវត្ថិភាពនៃមន្ទីរឃុំខ្លួននោះ បានបង្ហាញពីភ្លើងឆាបឆេះលើបន្ទប់មួយ និងពោរពេញដោយផ្សែងហុយៗ ខណៈបុរសៗដែលជាប់ឃុំ ប្រឹងព្យាយាមធាក់របារទ្វាដែលជាប់សោរ។ វីដេអូដដែល បានបង្ហាញទៀតថា មុនផ្សែងហុយមើលអ្វីលែងឃើញ មានមនុស្សបីនាក់ ដែលស្លៀកពាក់ឯកសណ្ធានផ្លូវការរបស់មន្ទីរ បានដើរកាត់ហួស ដោយមិនបានព្យាយាមបើកទ្វារឱ្យនោះទេ។
ខណៈរ៉យទ័រផ្សាយថា ខ្លួនមិនអាចផ្ទៀងផ្ទាត់វីដេអូមួយនោះបាន ហើយទីភ្នាក់ងារសារព័ត៌មានផ្សេងទៀតៗបានផ្សាយដូចៗគ្នាថា កាមេរ៉ាសុវត្ថិភាពបានបង្ហាញពីភាពគ្មានឆន្ទះរបស់ឆ្មាំយាមមន្ទីរដើម្បីជួយសង្រ្គោះបុរសចំណាកស្រុកដែលជាប់ឃុំ។ ជុំវិញបញ្ហានេះ អ្នកតំណាងនៃសេវាជនភៀសខ្លួន Jesuit (JRS) លោកស្រី Alejandra Corona ដែលតែងចុះទៅមើលមន្ទីរឃុំខ្លួននោះម្ដងក្នុងមួយសប្ដាហ៍ បានអះអាងថា វីដេអូនោះពិតជាស្ថិតនៅក្នុងមន្ទីរពិតមែន ហើយថារបារទ្វារដែលក្រុមបុរសៗប្រឹងធាក់នោះ គឺជាច្រកចេញតែមួយគត់។
គួរគូសបញ្ជាក់ថា អគ្គិភ័យនេះ គឺជាគ្រោះមហន្តរាយភ្លើងឆាប់ឆេះដ៏សាហាវបំផុត ដែលបានវាយប្រហារ ប្រទេសម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយវាបានកើតឡើងចំពេលដែលសហរដ្ឋអាមេរិក និងម៉ិកស៊ិកកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងកំណើននៃជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនរួមរបស់ប្រទេសទាំងពីរ។
នាយិកាវិទ្យាស្ថានសម្រាប់ស្ត្រីធ្វើចំណាកស្រុក ដែលមានមូលដ្ឋាននៅម៉ិកស៊ិក និងដែលគាំទ្រសិទ្ធិជនចំណាកស្រុក លោកស្រី Gretchen Kuhner បាននិយាយនៅថ្ងៃអង្គារថា៖ «ព្រឹត្តិការណ៍កាលពីយប់មិញ គឺជាឧទាហរណ៍ដ៏អាក្រក់ ដែលជាមូលហេតុដែលអង្គការនានាកំពុងធ្វើការដើម្បីកំណត់ ឬលុបបំបាត់ការឃុំខ្លួន(ជនចំណាកស្រុក)នៅម៉ិកស៊ិក»។
ចំណែកឯអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានរបស់អង្គការបានអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ នៃព្រឹត្តិការណ៍ដ៏សោកនាដកម្មចុងក្រោយនេះ៕
ប្រែសម្រួលដោយ៖ ហួន ឌីណា
ប្រភព៖ At least 40 die in fire during protest at migrant center in Mexico, officials say