ឯកឧត្តម ថោង ខុន ដាក់ចេញការងារសំខាន់ៗ ៧ចំណុច ដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សម្រាប់ឆ្នាំ២០២៣

(កំពង់ធំ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ចេញកិច្ចការណែនាំសំខាន់ៗ ៧ចំណុចដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ត្រូវខិតខំរួមគ្នាសម្រេចឲ្យបានក្នុងឆ្នាំ២០២៣នេះ ។

ឯកឧត្តម ងួន រតនៈ ឡើងអានរបាយការណ៍រួចមក ឯកឧត្តម ថោង ខុន ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តកំពង់ធំ និងលោក លោកស្រី ក្នុងសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឲ្យកត់សម្គាល់ ។

ឯកឧត្តម ថោង ខុន ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិនិងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីស្តារផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

ឯកឧត្តម ថោង ខុន ក៏បានដាក់ចេញកិច្ចការណែនាំសំខាន់ៗ ៧ចំណុច ដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ត្រូវមាន៖

  • ទី១៖ ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យ ភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។
  • ទី២៖ ត្រូវខិតខំរួមសហការគ្នាអនុវត្តឲ្យបានត្រឹមត្រូវស្របតាមច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត និងលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតទាំងមូល សំដៅរួមគ្នាធានាឲ្យការបោះឆ្នោតជាតិ លើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ។
  • ទី៣៖ រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់លើការកសាងសមត្ថភាព និងការផ្តល់ការគាំទ្រដល់មន្រ្តីបង្គោលសំខាន់ៗនៅថ្នាក់មូលដ្ឋានរួមមាន៖ មេឃុំ ចៅសង្កាត់ ស្មៀន ប្រធានភូមិ ប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាល មន្រ្តីសុខាភិបាលបម្រើការងារ តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែករដ្ឋតាមមូលដ្ឋានឲ្យគោរពវិន័យ សីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព មិនមានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។
  • ទី៤៖ ត្រូវបន្តខិតខំកៀរគរនិងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ កសិឧស្សាហកម្ម និងសហគ្រាសធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
  • ទី៥៖ រដ្ឋបាលខេត្ត មន្ទីរជំនាញ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តចុះអនុវត្តជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានអាស្រ័យផល និងបង្កបង្កើនផលលើដីរបស់ខ្លួនពិតប្រាកដ និងស្របច្បាប់។ ជាក់ស្តែងកន្លងមកលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏បានដាក់ចេញនូវអនុក្រឹត្យ និងសេចក្តីជូនដំណឹងជាច្រើនពាក់ព័ន្ធនឹងការកែសម្រួលព្រំប្រទល់ដីពីតំបន់២ មកតំបន់១ ការកាត់ឆ្វៀលដីតំបន់៣ មកតំបន់២ និងការប្រើប្រាស់ដីនៅតំបន់អភិរក្សសត្វខ្សឹប នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំគោលដៅមួយចំនួននៃខេត្តកំពង់ធំ។
  • ទី៦៖ រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងគុណភាពដល់យន្តការច្រកចេញចូលតែមួយទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។
  • ទី៧៖ ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ និងជំរុញលើកទឹកចិត្តមន្ត្រីឲ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសសមត្ថភាពជំនាញព័ត៌មានវិទ្យា និងឌីជីថលដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗក្នុងការអនុវត្តការងារឲ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕ ចាន់ វិចិត្រ
ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner