ប្រធានគណបក្សធម្មាធិបតេយ្យ ថ្កោលទោសអគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបានប្រើពាក្យសំដីអសីលធម៌ អាសអាភាសលើស្ត្រី
ភ្នំពេញ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្កោលទោសទៅលើអគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបានប្រើពាក្យសំដីអសីលធម៌ អាសអាភាសលើស្ត្រីមួយចំនួនដែលជាដៃគូខាងក្រៅផ្ទះរបស់ខ្លួន។ ខ្លួនជាអ្នកនយោបាយមិនគួរប្រើពាក្យសំដីថោកទាបមើលងាយ ប្រមាថលើស្ត្រីបែបនេះទេ។ សូមឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី គួរតែពិនិត្យមើលករណីនេះផង ដើម្បីការពារស្ត្រី និងជួយស្ត្រី។
ការថ្កោលទោសនេះ បានធ្វើឡើងតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដែលបានចោទសួររឿងអគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបាននិយាយតាមទូរស័ព្ទជាមួយស្ត្រីមួយចំនួនដោយប្រើពាក្យអសីលធម៌ អាសអាភាសមើលងាយលើស្ត្រី។
លោកជំទាវ ពោធិតី សាវត្ថី បានបញ្ជាក់ថា សូមប្រឆាំងជំទាស់ចំពោះពាក្យសំដីរបស់អគ្គលេខាធិការគណបក្សភ្លើងទៀន ដែលបានប្រើពាក្យសំដីអសុរោះគ្មានសីលធម៌លើស្ត្រីមួយចំនួនដែលជាដៃគូលួចលាក់។ ជាអ្នកនយោបាយគួរតែរក្សាសីលធម៌ សីលធម៌ មិនមែនត្រឹមតែជាមួយស្ត្រីទេ គាត់មើលងាយស្ត្រីដូចគាត់មើលងាយម្តាយគាត់ ម្តាយគាត់ជាស្ត្រីដែរ។ មុននឹងយើងប្រមាថដៃគូរដែលជាស្ត្រីទន់ខ្សោយ ហើយបើមានរឿងខុសឆ្គងសុំបិទបាំងផង កុំហែកហួរនិយាយតាមទូរស័ព្ទចំអកឡកឡឺយ សំដីអសីសធម៌បែបនេះ បុគ្គលម្នាក់នោះ គឺជាមនុស្សថោក ថោកខ្លាំងណាស់មើលងាយស្ត្រី ដែលម្តាយខ្លួនឯងក៏ជាស្ត្រីដែរ។ ទេវតាមិនជូនពរទេ ទេវតាបរាមុខ។ លោកជំទាវ ពោធិតី សាវត្ថី បានស្នើឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី ពិនិត្យសិក្សា មើលករណីនេះ ដើម្បីការពារកិត្តិយស ស្ត្រីផង៕
ដោយ៖ពលជ័យ
រូបភាព៖ពលជ័យ