អាជ្ញាធរជាតិអប្សរាបន្តយុទ្ធនាការដាំដើមឈើជាងមួយពាន់ដើមបន្ថែមទៀត
សៀមរាប៖ ដើមឈើជាងមួយពាន់ដើមត្រូវបានអាជ្ញាធរជាតិអប្សរា និងមន្រ្តីពាក់ព័ន្ធក្នុងខេត្តសៀមរាប បានបន្តដាំក្នុងយុទ្ធនាការដាំដើមឈើបន្ថែមនៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ។
យុទ្ធនាការដាំដើមឈើ និងស្មៅ នៅតំបន់រមណីយដ្ឋានអង្គរនេះ បានចាប់ផ្តើមដាំដើមឈើចម្រុះនិងស្មៅលើផ្ទៃដីសរុបជិតពីរហិកតានាបរិវេណខាងជើងស្រះត្រពាំងសេសកាលពីខែកុម្ភៈកន្លងមកនេះ និងបានបន្តធ្វើយុទ្ធនាការនេះ។
នារសៀលថ្ងៃទី២៨ ខែមីនា អាជ្ញាធរជាតិអប្សរា សហការជាមួយនឹងសាខាពន្ធដារខេត្តសៀមរាប និងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានបន្តយុទ្ធនាការដាំដើមឈើចម្រុះនេះផងដែរ ដោយបានរួមគ្នាដាំដើមឈើចំនួនប្រមាណ១.២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស។
យោងតាមអាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៩ ខែមីនា បានឱ្យដឹងថា យុទ្ធនាការដាំដើមឈើចម្រុះ នៅបរិវេណខាងលិចត្រពាំងសេសនេះ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ដើមឈើមិនត្រឹមតែមានសារៈសំខាន់ខ្លាំងដល់រមណីយដ្ឋានអង្គរទាំងមូលប៉ុណ្ណោះទេ តែក៏ផ្តល់ជាប្រយោជន៍ទៅដល់មនុស្ស សត្វ និងបរិស្ថានជុំវិញផងដែរ។
លោកបានបញ្ជាក់ថា ក្រោយពេលដាំរួច ដើមឈើទាំងនោះ ត្រូវបានថែទាំ និងស្រោចទឹក ជាប្រចាំ ដោយក្រុមការងារអាជ្ញាធរជាតិអប្សរា ដើម្បីទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។
ជាមួយគ្នានេះដែរ លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប បានលើកឡើងដែរថា អាជ្ញាធរជាតិអប្សរាបានផ្តល់ឱកាសដល់ស្ថាប័នលោកបានចូលរួមក្នុងសកម្មភាពដាំដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយសារដើមឈើដែលបានដាំនៅពេលនេះ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិ និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ។
ទាក់ទងនឹងយុទ្ធនាការដាំដើមឈើនេះ អគ្គនាយកអាជ្ញាធរជាតិអប្សរាបណ្ឌិត ហង់ ពៅ ធ្លាប់បានលើកឡើងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។
បណ្ឌិតបញ្ជាក់ដែរថា ការដាំដើមឈើ និងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ដោយនៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។
យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណង កែលម្អដីទំនេរ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅ ដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជនន៍ដល់មនុស្សជាតិទាំងមូល។
សូមបញ្ជាក់ផងដែរថា ក្រោយពេលប្រជាពលរដ្ឋមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ និងបានគៀរគរស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនចូលរួមចំណែកក្នុងយុទ្ធនាការនេះផងដែរ៕ ដោយ៖នាង សុគន្ធា