ក្រុមហ៊ុនចិនចង់វិនិយោគលើគម្រោងកែច្នៃសំរាមឱ្យក្លាយទៅជាអគ្គិសនី នៅភូមិសាស្រ្តរាជធានីភ្នំពេញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រុមហ៊ុនដ៏ធំមួយរបស់ចិនបានបង្ហាញបំណងចង់ធ្វើការវិយោគលើ គម្រោងកែច្នៃសំរាមទៅជាអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុង​​ប្រ​តិបត្តិ​ការ​សេ​វា​ប្រ​មូ​ល​​សំរាមនៅភូមិសាស្រ្តនេះស្រាប់។ នេះបើយោងតាមជំនួបពិភាក្សាការងារ ពាក់ព័ន្ធនឹងការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ រវាងតំណាងក្រុមហ៊ុន មីហ៊្សូដា គ្រុប  ជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោក Shan Jian Ming អគ្គនាយកក្រុមហ៊ុន មីហ៊្សូដា គ្រុប បានលើកឡើងថា ក្រុមហ៊ុនលោក មានគម្រោងវិនិយោគបន្ថែមលើការងារកែច្នៃសំរាមទៅជាអគ្គិសនី បន្ថែមពីលើការងារដែល​ក្រុមហ៊ុន​កំពុងអនុវត្តរាល់ថ្ងៃ ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាព​រាជធានីភ្នំពេញឱ្យកាន់តែ​ស្រស់ស្អាតថែមទៀត។ លោក Shan Jian Ming បានថ្លែងថា ក្រុមហ៊ុនបានពិភាក្សាអំពីលទ្ធភាព​នៃការធ្វើវិនិយោគ​លើ​គម្រោ​ង​​​​​​​​ផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍ​រាជធានីភ្នំពេញឱ្យ​កាន់តែ​ស្រស់ស្អាត មា​នសោភណ្ឌភា​ព និង​ស័​ក្ដិសម​​ជា​ទី​ក្រុង​ទំនើប។  ក្រុមហ៊ុនចង់ទទួល​មតិយោបល់ ណែនាំពីចំណុចខ្វះខាតមួយចំនួនដែលក្រុមហ៊ុនកំពុងអនុវត្ត លើកិច្ចការងារប្រមូល ដឹកជញ្ជូនសំរាម នៅក្នុងរាជធា​នីភ្នំពេញ

ហើយក្រុ​មហ៊ុនយើង មានបំណងចង់វិនយោគលើគម្រោងកែច្នៃ ដុតសំ​រាមទៅជា​អគ្គិសនីនៅភ្នំពេញថែមទៀត។

តំណាងក្រុមហ៊ុនខាងលើ បានអះអាងទៀតដែរថា ដោយសារក្រុមហ៊ុនមីហ្ស៊ុដា គ្រុប មានរោងចក្រដុតសំរាមទៅ​ជាអគ្គិសនី​ចំនួន​៣៣រោង​ចក្រ នៅប្រទេសចិន និងឆ្លងកាត់ការប្រមូលដឹកជញ្ជូនសំរាម ក្រុមហ៊ុនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាល​ក៏ដូចជារ​ដ្ឋបា​ល​រាជ​ធានី​ភ្នំពេញយ៉ាងខ្លាំង ហេតុដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគ​លើគម្រោង​ដុត​សំរាម​ទៅអគ្គិសនី​នៅរាជធានីភ្នំពេញ​បន្ថែ​មទៀត។ លោកក៏បានបង្ហាញការ​ជឿជាក់ថា​ គម្រោងនេះនឹង​ទទួលបានការគាំ​ទ្រពីសាលារាជធានី​ភ្នំពេញក៏ដូចជារាជ​រដ្ឋាភិបាលកម្ពុជា។

ជុំវិញរឿងនេះដែរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ពិតជាទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមកក្រុមហ៊ុន ចំនួនបី ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ដោយឡែក ចំពោះបំណងវិនិយោគលើគម្រោងកែឆ្នៃសំរាមវិញឯកឧត្តម ឃួង ស្រេង យល់ថា បើរាជ​រដ្ឋាភិបាល​កម្ពុជា ផ្ត​ល់លទ្ធភាពឱ្យ​រដ្ឋបាល​

រាជធានីភ្នំពេញជាអ្នក​ចាត់ចែង នោះរដ្ឋបាលរាជធានីភ្នំពេញ​នឹ​​ងផ្តល់ជូន ក្រុម​ហ៊ុន មីហ្ស៊ុដា មុនគេ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យក្រុមហ៊ុនខាងលើ ត្រូវបន្តការខិតខំប្រឹងប្រែង បន្ថែមទៀតដើម្បីដណ្តើមស្នាដៃបន្តការវិនិយោគប្រមូលសំរាមនេះ នៅតាមបណ្ដាលខេត្តផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ទោះបីជាមិនមានគំនរសំរាមសេសសល់ដូចមុន ការប្រមូលបាន​ទៀងទាត់ ស្អាតជាងមុន មធ្យោបាយ និងសម្ភារៈ បរិក្ខាប្រើប្រាស់ថ្មីជាងមុន បុគ្គលិកកម្មករច្រើន និងមានការអប់រំជាងមុន ដែលប្រការនេះធ្វើឱ្យមានការសាទរ ពីគ្រប់មជ្ឈដ្ឋាន នៅរាជធានីភ្នំពេញ។ ប៉ុន្តែ​ក្រុម​ហ៊ុនក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមផងដែរ

ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អប្រសើរជាងមុន» ។

សូមជម្រាបដែរថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគឺមានក្រុមហ៊ុនប្រមូលសំរាមចំនួនបីគឺ ​ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co, Ltd និងក្រុមហ៊ុន Cintr/Everbright។ ដោយឡែក បច្ចុប្បន្ន ក្រុមហ៊ុន មីហ្ស៊ូដា កំពុង​ប្រតិ​បត្តិការ​ប្រមូល​សំ​រា​មនៅខណ្ឌចំនួនប្រាំ​ គឺ ខណ្ឌដូ​ន​ពេញ ខណ្ឌ​​៧​មករា ខណ្ឌ​ពោធិ៍​សែ​ន​ជ័យ ខណ្ឌដង្កោ និ​ង​ខណ្ឌ​កំបូល។ ក្រសួងបរិស្ថានធ្លាប់បានបង្ហាញថា ដោយសារកំណើននៃសកម្មភាពពាណិជ្ជកម្ម និងការរីកដុះដាលនៃវិស័យសំណង់ ក្នុងរាជធានីភ្នំពេញ

និងខេត្តជាប់រាជធានី ទើបធ្វើឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធសំណង់ទាំងវិស័យរដ្ឋ និងឯកជន មានសន្ទុះកើនឡើងជាលំដាប់។ ទន្ទឹមនោះ ការចោល និងទុកដាក់សំណល់សំណង់ចេញពីការដ្ឋានសំណង់ សំណង់ជួសជុល និងសំណង់ចាស់បានក្លាយជាក្តីបារម្ភ ចំពោះផលប៉ះពាល់បរិស្ថាននិងសង្គមក្នុងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងបរិស្ថាន  ធ្លាប់បានបង្ហាញថា ក្នុងមួយថ្ងៃៗ បរិមាណសំរាមនៅទីក្រុងភ្នំពេញមាន​ចំនួនបីពាន់តោន ខណៈ​នៅតាមទីប្រជុំជនមានជាង១ម៉ឺនតោនក្នុងមួយថ្ងៃ៕

អត្ថបទ៖ សែម ពិសី

ads banner