និយ័តករធានារ៉ាប់រងកម្ពុជា៖ កំណើនក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា បង្ហាញពីសញ្ញាល្អនៃកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖និយ័តករធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាកើនដល់ ៤០ក្រុមហ៊ុន ក្នុងពេលដែលមានទ្រព្យសកម្មសរុបប្រមាណ ៩៧៦លានដុល្លារ និងមូលនិធិភាគហ៊ុនិកប្រមាណ ៤១៧លានដុល្លារ ដោយវិស័យហិរញ្ញវត្ថុមិនមែនធនាគារមួយនេះ បាននិងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពីវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ លោកស្រីបានបន្ថែមថា នាពេលបច្ចុប្បន្ន មានចំនួនក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា បានកើនដល់ ៤០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតចំនួន ១៤ក្រុមហ៊ុន ធានារ៉ាប់រងខ្នាតតូចចំនួនប្រាំពីរនិងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួនមួយដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយមានទ្រព្យសកម្មសរុបប្រមាណ ៩៧៦លានដុល្លារអាមេរិក និងមូលនិធិភាគហ៊ុនិកប្រមាណ ៤១៧លានដុល្លារ។ បន្ថែមពីនេះ
ក៏មានវត្តមានក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៣៤ ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ១៩ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៣ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកស្រីបានបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ២៥ភាគរយ ខណៈដែលនៅក្នុងឆ្នាំ២០២២ បុព្វលាភធានារ៉ាប់រងដុលនៅកម្ពុជាបានកើនដល់ប្រមាណ ៣៣០លានដុល្លារអាមេរិក ដែលនេះសបញ្ជាក់ពីកំណើតទីផ្សារធានារ៉ាប់រងប្រមាណ ១០,៦៨ភាគរយ។
តំណាងនិយ័តករធានារ៉ាប់រងកម្ពុជារូបនេះ បានឱ្យដឹងទៀតថា កំណើននៃទំហំទីផ្សារក្នុងឆ្នាំ២០២២ វិស័យធានារ៉ាប់រងបានរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រា ១,១៧ភាគរយ ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រង ឬការប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ ២០,៤៧ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ និងមានផលិតផលសម្បូរបែបជាអាទិ៍ ផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងសម្ភារទទួលខុសត្រូវ ធានារ៉ាប់រងយានយន្ត រហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។ លោកស្រីគូសបញ្ជាក់ថា វិស័យហិរញ្ញវត្ថុ ជាធាតុផ្សំមួយដ៏ចាំបាច់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម
ព្រោះវិស័យហិរញ្ញវត្ថុគឺជាវិស័យអន្តរការិយកម្មកៀរគរប្រភពធនធានហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការផលិតកម្ម និងទ្រទ្រង់ការរីកចម្រើននៃវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ជួយកាត់បន្ថយភាពក្រីក្របង្កើនចំណូលរបស់ប្រជាជន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងតំបន់។ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានប្រាប់ឱ្យដឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជា មានកំណើនជាវិជ្ជមាន នៅក្នុងឆ្នាំ២០២២ ខណៈដែលឆ្នាំ២០២៣ វិស័យនេះស្ថិតនៅភាពមិនប្រាកដប្រជានៅឡើយ និងមានបញ្ហាប្រឈមមួយចំនួន។ លោកបន្តថា ការរីកចំរើននៃវិស័យធានារ៉ាប់រង
មានលក្ខណៈស្របគ្នាទៅនឹងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលដូចទៅនឹងវិស័យហិរញ្ញវត្ថុ និងធានាគារ ។
លោកបានបញ្ជាក់ថា ក្នុងការព្យាករណ៍សេដ្ឋកិច្ច យើងឃើញថា មានកត្តាមិនប្រាកដប្រជាមួយចំនួនដែលអាចនឹងប៉ះពាល់ដល់សមិទ្ធផលសេដ្ឋកិច្ចនៅក្នុងឆ្នាំខាងមុខនេះ។ ទោះបីជាការព្យាករណ៍របស់យើងចំពោះវិស័យនេះ មានភាពជាវិជ្ជមានក៏ដោយ ប៉ុន្តែតាមរបាយការណ៍របស់រាជរដ្ឋាភិបាលបានលើកឡើងនូវភាពមិនប្រាកដប្រជាមួយចំនួន ដែលយើងត្រូវតែមានភាពបត់បែន »។ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ឱ្យដឹងដែរថា បើទោះបីជាវិស័យធានារ៉ាប់រងនៅកម្ពុជានៅមានភាពក្មេងខ្ចី
បើប្រៀបនឹងប្រទេសនានាក្នុងតំបន់ក្ដី ប៉ុន្ដែភាពរីកចម្រើនរបស់វិស័យនេះនៅកម្ពុជា គឺមានកម្រិត
ខ្ពស់។
លោកបានបញ្ជាក់ថា ភាពមិនច្បាស់លាស់នៃស្ថានភាពពិភពនាពេលបច្ចុប្បន្ន បានធ្វើឱ្យវិស័យធានារ៉ាប់រងក្នុងឆ្នាំ២០២៣នេះ នឹងជួបប្រទះនូវបញ្ហាប្រឈមច្រើន ដូចជាតម្លៃធានារ៉ាប់រងបន្តកើនឡើងខ្ពស់ និងការកាត់បន្ថយការចំណាយរបស់អតិថិជនមួយចំនួនដោយសារបញ្ហាអតិផរណាជាដើម។
ទោះយ៉ាងណា លោក យក់ ចំរើនឫទ្ធិ នៅតែមានសុទិដ្ឋិនិយម ខ្ពស់ចំពោះវិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងការបន្តរីកចម្រើនបន្ថែមទៀត៕ដោយ៖វណ្ណ សុជាតា