ជប៉ុនផ្តល់ថវិកាជាង ១៦ ម៉ឺនដុល្លារ សម្រាប់ការធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់និងរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច
ភ្នំពេញ៖កិច្ចសន្យាផ្តល់ជំនួយជាថវិកាជាង ១៦ ម៉ឺនដុល្លារ សម្រាប់ការធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ត្រូវបានចុះហត្ថលេខារវាងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយនឹងតំណាងស្ថាប័នមកពីគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម។ពិធីនេះចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសនិ្តសុខមនុស្សជាតិ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ១៦៦,៨៣៧ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយក្រោមគ្រោងការជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។
កិច្ចសន្យាផ្តល់ជំនួយនេះ ដើម្បីអនុវត្តគម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួចសម្រាប់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។
សេចក្តីប្រកាសរបស់ស្ថានទូតជប៉ុនបានលើកឡើងថា ក្នុងគម្រោងនេះរថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង នឹងត្រូវបានកែសម្រួល និងផ្តល់ជូនដល់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។
បច្ចុប្បន្ន គិលាដ្ឋាននេះមានចំនួនរថយន្តសម្រាប់សេវាសង្គ្រោះបន្ទាន់មានកំណត់។ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងនាឱកាសនោះថា តាមរយៈការផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង លោករំពឹងថា គិលានដ្ឋានអាចកែលម្អសមត្ថភាពរបស់ខ្លួនក្នុងករណីមានអាសន្ន ដូចជាអាចបញ្ចូនអ្នកជំងឺដែលត្រូវការការបញ្ចូនបន្ទាន់បានច្រើននាក់ជាង
មុន ឬអាចពន្លត់អគ្គិភ័យធំៗ និងភ្លើងឆេះព្រៃបាន។
លោកមានប្រសាសន៍ថាគម្រោងនេះនឹងចូលរួមចំណែកក្នុងការធានាសុវត្ថិភាពដល់ប្រជាជនប្រមាណ ២០ ០០០ នាក់ ដែលរស់នៅក្បែរគិលានដ្ឋាន។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងសម្រាប់កម្មវិធីគូសាណូណិ នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោងរបស់ពួកគាត់។
បើតាមការលើកឡើងរបស់លោក អ៊ូអិណុ អាត់ស៊ូស៊ី នៅក្នុងរយៈពេលបីទសវត្សរ៍ ចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុងគម្រោងចំនួន ៧០៩ នៅទូទាំងប្រទេសកម្ពុជា តាមរយៈ កម្មវិធីជំនួយឥតសំណងគូសាណូណិ។
សូមបញ្ជាក់ថា ជំនួយឥតសំណងនេះពីរដ្ឋាភិបាលជប៉ុនមកដល់កម្ពុជា មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍៕
ដោយ៖នាង សុគន្ធា