រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តវិនិយោគិនថៃមកវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរ១៥ពាន់លានដុល្លារ ត្រឹមឆ្នាំ​២០២៥

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ បានស្នើសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជាដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរក្នុងបំណងជំរុញពាណិជ្ជកម្ម និងសកម្មភាពវិនិយោគ

ដើម្បីពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរដល់១៥ពាន់លានដុល្លារ ត្រឹមឆ្នាំ​២០២៥។

ការស្នើនិងជំរុញនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី “ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ ក្នុងជំនួបនោះឯកឧត្តម ប៉ាន សូរស័ក្ដិ បានលើកឡើងថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​ប្រទេស​​កម្ពុជា និងថៃ ​ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចំរើនគួរឱ្យកត់សម្គាល់ ទោះបីមានបញ្ហាប្រឈមដោយសារកូវីដ១៩ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគី​រវាង​ប្រទេស​​ទាំងពីរ​នៅតែមានការកើនឡើងជាលំដាប់។ ជាមួយគ្នានោះ

លោកបានលើកទឹកចិត្តឱ្យវិនិយោគិននៃប្រទេសទាំងពីរពិនិត្យលទ្ធភាពវិនិយោគលើ វិស័យ​សេដ្ឋកិច្ច​ចក្រា និងកសិឧស្សាហកម្មផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា សូមភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំធ្វើការងារបន្ថែមទៀត ដើម្បីសម្រេច​ឱ្យបាននូវ​ទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ត្រឹមឆ្នាំ​២០២៥ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ ចំពោះការរៀបចំសិក្ខាសាលាស្តីពី “ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣ នៅប្រទេសថៃនេះដែរ ឯកឧត្តម ប៉ាន សូរស័ក្ដិ មានប្រសាសន៍ថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់ ដែលវាជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុត​មាំ

និងជាកម្លាំងជំរុញដ៏ធំធេងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគនាពេលអនាគត រវាងកម្ពុជា-ថៃ។

ឯកឧត្តមបានថ្លែងថាការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ វិនិយោគិនថៃដែលមានសក្តានុពលអាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់នៃការធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជាឯកឧត្តម ប៉ាន សូរស័ក្ដិ ​បានសម្តែងការស្វាគមន៍​វិនិយោគិន​ថៃ ដែល​មាន​គម្រោង​វិនិយោគ ឬ​ពង្រីក​គម្រោង​វិនិយោគ​នៅ​កម្ពុជា ហើយសម្រាប់ធុរជនដែលមិនទាន់បានបណ្តាក់ទុននៅកម្ពុជា សូមអញ្ជើញមកស្វែងយល់ពីសក្តានុពល និងឱកាសក្នុងការវិនិយោគ ឬចូលរួមបណ្តាក់ទុនជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកម្ពុជាសម្រេចបាន។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា​ និងសភាពាណិជ្ជកម្មថៃ បានធ្វើការជាមួយគ្នាច្រើន តាំងយូរណាស់មកហើយ ដោយសារប្រទេសទាំងពីរស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយ។ ហើយថ្មីៗនេះ សភាពាណិជ្ជកម្មថៃ ដែលបានដឹកនាំគណៈប្រតិភូមកចូលកិច្ចប្រជុំកំពូលអាស៊ាន​​បានធ្វើការយ៉ាងជិតស្និទ​ជាមួយគ្នា ជាពិសេសសភាពាណិជ្ជកម្មខេត្តនៅតាមព្រំដែនប្រទេសទាំងពីរ។ លោកបានបញ្ជាក់បែបនេះថា៖« ការជំរុញបន្ថែមពីសំណាក់រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជានេះ គឺជារឿងល្អ

បន្ទាប់ពីប្រទេសយើងទាំងពីរបានធ្វើការយ៉ាងល្អជាមួយគ្នាលើគ្រប់វិស័យ។ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងធ្វើការជំរុញការនាំចេញផលិតផលកសិកម្មរបស់យើងទៅកាន់ប្រទេសថៃ ក៏ដូចជាការទាក់ទាញវិនិយោគិនថៃមកវិនិយោគនៅកម្ពុជា លើផ្នែកឧស្សាហកម្មកែច្នៃ ដើម្បីកែច្នៃផលិតផលកសិកម្មយើងនាំចេញទៅថៃ ប្រទេសក្នុងតំបន់អាស៊ាន​ និងពិភពលោក»។ គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ប្រមាណ ៤,៦ពាន់លាន​ដុល្លារសហរដ្ឋអាម៉េរិក កើនឡើងប្រមាណ ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២១។ដោយឡែក ក្នុងរយៈពេល០២ខែដើមឆ្នាំ២០២៣នេះវិញ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ

សម្រេចបានក្នុងទឹកជិត៦៥៧លានដុល្លារ ថយចុះជិត១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២៕

ដោយ៖វណ្ណ សុជាតា

ads banner