ក្រសួងពាណិជ្ជកម្ម៖ ពាណិជ្ជកម្មសេវាកម្មបានរួមចំណែក ផលិតផលក្នុងស្រុកសរុប GDP ច្រើនជាង ៤០ភាគរយនៃសេដ្ឋកិច្ចជាតិរបស់កម្ពុជា
ភ្នំពេញ៖នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការចរចាពាណិជ្ជកម្មសេវាកម្មក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO)លើផ្នែកសំខាន់ៗ និងវឌ្ឍនភាពថ្មីៗឯកឧត្តម ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា យោងទៅតាមស្ថិតិអាស៊ាន ប្រទេសកម្ពុជា ពាណិជ្ជកម្មសេវាកម្មបានរួមចំណែក ផលិតផលក្នុងស្រុកសរុប( GDP) ច្រើនជាង ៤០ភាគរយ នៃសេដ្ឋកិច្ចជាតិរបស់ជាតិ បើធៀបនឹងពាណិជ្ជកម្មទំនិញ។
ឯកឧត្តមបានបញ្ជាក់ថា ពាណិជ្ជកម្មសេវាកម្មគឺមានសារៈសំខាន់ដូចគ្នានឹងពាណិជ្ជកម្មទំនិញដែរ នៅពេលនិយាយអំពីកំណើនសេដ្ឋកិច្ច។ យោងទៅតាមស្ថិតិអាស៊ាន ទិន្នន័យវិស័យសេវាកម្មមានចន្លោះពី ៣៨ភាគរយ ទៅ ៦៩ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសសមាជិកអាស៊ាន ។ ឯកឧត្តមបានបន្ថែមថា បន្ទាប់មកទៀតការចូលជាសមាជិកពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ កម្ពុជាបានធ្វើសេរីភាវូបនីយកម្មអនុវិស័យចំនួន ៩៤ លើវិស័យសំខាន់ៗចំនួន ១១ ដូចជា សេវាកម្មអាជីវកម្ម សេវាទំនាក់ទំនង សេវាកម្មសំណង់ និងវិស្វកម្មពាក់ព័ន្ធ
សេវាចែកចាយ សេវាអប់រំ សេវាបរិស្ថាន សេវាហិរញ្ញវត្ថុ សេវាសុខភាព និងសង្គម សេវាកម្មទាក់ទងនឹងទេសចរណ៍ និងការធ្វើដំណើរ សេវាកម្សាន្ត វប្បធម៌ និងកីឡា និង សេវាកម្មដឹកជញ្ជូន។
ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក១កម្ពុជាមិនបានធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្មលើសពីកម្រិតអង្គការពាណិជ្ជកម្មរបស់ខ្លួនទេខណៈពេលដែលមានតែអនុវិស័យថ្មីមួយចំនួនប៉ុណ្ណោះដែលត្រូវបានបើកដោយមានកម្រិតនៃការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងតំបន់អាសិបនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់កម្ពុជា បានឱ្យដឹងថា វិស័យដឹកជញ្ជូន គឺជាពាណិជ្ជកម្មសេវាកម្មមួយ ដែលបានរូមចំណែច្រើននៅក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសនៅពេលដែលវិស័យនេះត្រូវបានធ្វើទំនើបកម្ម ការជំរុញកំណើនសេដ្ឋកិច្ចជាតិកាន់តែមានភាពល្អប្រសើរ។
លោកបានបន្ថែមថា ការធ្វើទំនើបកម្មបច្ចេកវិទ្យាបានសម្រួលយ៉ាងច្រើនដល់ការងារដឹកជញ្ជូននាពេលបច្ចុប្បន្ននេះ ដោយសារតែ បច្ចេកវិទ្យាឌីជីថល បានភ្ជាប់ទំនាក់ទំនងយ៉ាងលឿនរហ័សទាំងក្នុងនិងក្រៅប្រទេស ហើយនៅពេលដែលសេវាកម្មដឹកជញ្ជូនមានការរីកចំរើន វានឹងធ្វើផលិតផលឆាប់បានដល់ដៃអតិថិជន ជាអ្នកប្រើប្រាស់។
លោកបានបញ្ជាក់ថា៖«ខ្ញុំគិតថា ពាក់ព័ន្ធវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ននេះ យើងវាមិនទាន់ដល់គោលដៅនៃបដិវត្ត៤.០នៅឡើយទេ។ប៉ុន្តែនាពេលអនាគត បើសិនជាយើងធ្វើបានដូចប្រទេសគេជឿនលឿននោះ សេវាដឹកជញ្ជូនកាន់តែប្រសើរជាងនេះទៀត។ជាក់ស្តែវប្រទេសអភិវឌ្ឍខ្លះគេប្រើយន្តហោះដ្រូនសម្រាប់ចាប់យកទំនិញ សម្រាប់ការដឹកជញ្ជូនពីទីតាំងមួយទៅទីតាំងមួយទៀត នេះជាការធ្វើទំនើបកម្មដ៏ប្រសើសម្រាប់វិស័យដឹកជញ្ជូន»។
ចំពោះសេវាអប់រំនៅកម្ពុជាវិញ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បាននិយាយថា សេវាអប់រំ បានរួមចំណែកច្រើនក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប៉ុន្តែនៅមានចន្លោះខ្វះខាត ដែលភាគីពាក់ព័ន្ធក្នុងវិស័យអប់រំ ត្រូវតែធ្វើឱ្យប្រសើរឡើងថែមទៀត។
លោកបានបញ្ជាក់ថា៖« ការផ្តល់សេវាអប់រំ ជាពិសេសវិស័យឯកជន យើងគួរតែទទួលយកនូវមូលដ្ឋានគ្រូបង្រៀន សាស្រ្តាចារ្យ បុគ្គលិកសិក្សា ដែលជាជនជាតិខ្មែរយើងឱ្យបានច្រើនដើម្បី ឱ្យបានផលសេដ្ឋកិច្ចមកជនជាតិខ្មែរយើងហ្នឹងកាន់តែច្រើន។ជាក់ស្តែងគ្រាន់សាលារបស់ខ្ញុំមួយ សម្រាប់ការចំណាយប្រាក់ខែបុគ្គលិកមានចន្លោះ ៥ទៅ៦លានដុល្លារក្នុងមួយ ខណៈដែលកម្ពុជា មានសាលាឯកជនជាច្រើនទៀត។ ហេតុដូចនេះ ទើបយើងចង់ជំរុញឱ្យមានការផ្តល់ឱកាសដល់គ្រូនិងបុគ្គលិកជាជនខ្មែរ យើងច្រើនជាងបរទេស ទើបផលសេដ្ឋកិច្ចនោះ វាអាចរួមចំណែកក្នុងសេដ្ឋកិច្ចជាតិបាន»។ ក្រសួងសេដ្ឋកិច្ច រំពឹងថា វិស័យសេវាកម្ម នឹងងើបឡើង ៦,៦ភាគរយ នៅក្នុងឆ្នាំ ២០២៣ ពីកំណើន ៤,៣ភាគរយ នៅឆ្នាំ ២០២២។
ការងើបឡើងនេះ ដោយពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច៕ ដោយ៖វណ្ណ សុជាតា