រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា រំលាយគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី និងបក្សប្រឆាំងរាប់សិបទៀត
ណៃពិដោ៖រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញចំណាត់ការដ៏សំខាន់មួយផ្សេងទៀតដើម្បីបង្រ្កាបគូប្រជែងនយោបាយរបស់ខ្លួនកាលពីថ្ងៃពុធ ដោយប្រកាសរំលាយគណបក្សប្រឆាំងជាច្រើន ក្រោមហេតុផលមិនបំពេញតាមកាលបរិច្ឆេទនៃការចុះឈ្មោះមុនការបោះឆ្នោត។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវក្រុមយោធាដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារដណ្ដើមអំណាចក្នុងឆ្នាំ ២០២១ គឺជាគណបក្សមួយក្នុងចំណោម ៤០ ដែលត្រូវរំលាយ ក្នុង
សេចក្ដីប្រកាសផ្លូវការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ចេញផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃពុធទី ២៩ ខែមីនា។
ការរំលាយនេះ ធ្វើឡើងស្របតាមច្បាប់ចុះបញ្ជីគណបក្សនយោបាយថ្មី ដែលរដ្ឋាភិបាលយោធាបានអនុម័តកាលពីខែមករា ដែលច្បាប់នេះ ត្រូវបានគេមើលឃើញថា នឹងបង្កការលំបាកដល់គណបក្យប្រឆាំងផ្សេងៗក្នុងការប្រកួតប្រជែងជាមួយគណបក្ស ដែលក្រុមយោធាគាំទ្រ។ ច្បាប់ថ្មីនេះ តម្រូវឱ្យគណបក្សនយោបាយដែលមានស្រាប់ទាំងអស់ ត្រូវដាក់ពាក្យសុំចុះឈ្មោះជាថ្មីឡើងវិញជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ឱ្យបានត្រឹមថ្ងៃអង្គារ ទី ២៨ ខែមីនា។
គិតត្រឹមថ្ងៃអង្គារ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានចុះឈ្មោះគណបក្សចំនួន ៦៣ ដែលក្នុងនោះមានគណបក្សចំនួន ១២ នឹងបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅទូទាំងប្រទេស ខណៈ ៥១ ទៀត នឹងធ្វើយុទ្ធនាការត្រឹមតែក្នុងតំបន់ ឬរដ្ឋមួយប៉ុណ្ណោះ។ នេះបើតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការ ដែលចេញផ្សាយលើកាសែតរដ្ឋ Global New Light of Myanmar។ គណបក្សទាំង ៤០ ដែលត្រូវបានរំលាយគឺជាគណបក្សក្នុងចំណោម៩០ ដែលបានឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០២០ ពោលគឺនៅឆ្នាំដែលគណបក្ស NLD របស់លោកស្រី ស៊ូជី បានយកឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែបែរជាត្រូវក្រុមយោធាច្រានចោលថា ជ័យជម្នះនោះកើតចេញពីភាពមិនប្រក្រតី និងការកេងបន្លំ។ កន្លងមក ទោះបីជាប្រឈមមុខនឹងការរំលាយចោលក៏ដោយ គណបក្ស NLD ធ្លាប់បានប្រកាសរួចហើយថា ខ្លួននឹងមិនធ្វើការចុះឈ្មោះទៅ
ក្នុងបញ្ជីបោះឆ្នោតថ្នាក់ជាតិរបស់រដ្ឋាភិបាល ដែលខ្លួនចាត់ទុកថាជារបៀបបោកប្រាស់នោះឡើយ។
ជាថ្មីម្ដងទៀត សមាជិកនៃគណៈកម្មាធិការកណ្តាលនៃគណបក្ស NLD លោក Kyaw Htwe បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP នៅយប់ថ្ងៃអង្គារថា ជីវិតរបស់ NLD មិនអាស្រ័យលើអ្វីដែលយោធាសម្រេចចិត្តនោះទេ ហើយគណបក្សនឹង «នៅតែមាន ដរាបណាប្រជាជននៅតែគាំទ្រ»។ លោកបន្តថា៖« NLD នឹងបន្តបំពេញការទទួលខុសត្រូវដែលប្រជាពលរដ្ឋបានប្រគល់ជូន»។ ជុំវិញការរំលាយគណបក្ស NLD របស់គណៈកម្មាធិការបោះឆ្នោតមីយ៉ាន់ម៉ា អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភ ដោយនិយាយថា វាគឺជាជំហានដែលគេមិនចង់បាន។ អ្នកនាំពាក្យអង្គការលោក Stephane Dujarric បានប្រាប់អ្នកសារព័ត៌មានថា៖ «យើង
ចង់ឃើញការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងចង់ឃើញការដោះលែងលោកស្រី អ៊ុង សានស៊ូជី និងមនុស្សផ្សេងទៀតដែលបន្តជាប់ឃុំខ្លួន ហើយយើងនឹងបន្តធ្វើការឆ្ពោះទៅរករឿងនោះ»។
គួរបញ្ជាក់ថា ការបោះឆ្នោតថ្មី ដំបូងឡើយរំពឹងថានឹងរៀបចំឡើងនៅចុងខែកក្កដា ប៉ុន្តែកាលពីខែកុម្ភៈ ក្រុមយោធាបានពន្យារពេលនៃការដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលប្រាំមួយខែទៀត ដែលចំណាត់ការនេះ តម្រូវឱ្យមានការពន្យារពេលនៃការរៀបចំបោះឆ្នោតដូចគ្នា។ ក្រុមយោធាបានអះអាងថា ខ្លួនមិនអាចធានាសន្តិសុខបាននោះទេ ខណៈតំបន់ធំៗផ្សេងៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងតស៊ូប្រដាប់អាវុធ ដែលប្រឆាំងនឹងការគ្រប់គ្រងរបស់របបសឹក។
គណបក្ស NLD និងក្រុមអ្នករិះគន់ផ្សេងៗទៀត បានសម្អាងថា ការបោះឆ្នោតថ្មី ដែលមិនទាន់ទាំងបានគ្រោងទុកច្បាស់លាស់ផងនោះ នឹងប្រព្រឹត្តទៅដោយមិនសេរី និងយុត្តិធម៌ ខណៈមីយ៉ាន់ម៉ានៅតែបន្តដឹកនាំដោយក្រុមយោធា ដែលបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយចាប់ខ្លួនអ្នកនយោបាយជាច្រើនរូបនៃសមាជិករដ្ឋាភិបាលរបស់លោកស្រី ស៊ូជី។ របាយការណ៍មួយរបស់ក្រុមប្រឹក្សាវិបត្តិអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំពេលមានការគៀបសង្កត់របស់រដ្ឋបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១ គ្មានការបោះឆ្នោតណាមួយអាចជឿទុកចិត្តបានទេ ជាពិសេសនៅពេលដែលប្រជាជនភាគច្រើនមើលឃើញថា ការបោះឆ្នោតជាការប៉ុនប៉ងដើម្បីជំនួសជ័យជម្នេះភ្លូកទឹក
ភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ក្នុងឆ្នាំ ២០២០»។
របាយការណ៍បន្តទៀតថា៖ «ការបោះឆ្នោតនឹងរឹតតែធ្វើឱ្យជម្លោះក្រោយរដ្ឋប្រហារកាន់តែធ្ងន់ធ្ងរទៅៗ
ខណៈរបបនេះ(យោធា)ព្យាយាមរៀបចំដោយបង្ខំ ហើយក្រុមកម្លាំងតស៊ូព្យាយាមយាយី»៕
ដោយ៖ហួន ឌីណា