អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ស្នើឱ្យបង្កើនការត្រួតពិនិត្យជាប្រចាំលើអីវ៉ាន់ររបស់អ្នកបម្រើការលើយន្តហោះ បន្ទាប់ពីផ្ទុះរឿងអាស្រូវគ្រឿងញៀន
ហាណូយ៖កាសែតវៀតណាមផ្សាយថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមស្នើទៅក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ឱ្យបង្កើនការត្រួតពិនិត្យជាប្រចាំលើអីវ៉ាន់របស់សមាជិកក្រុមអ្នកហោះហើរទាំងអស់មុននឹងចេញដំណើរ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានចេញសេចក្តីណែនាំស្តីពីវិធានការប្រឆាំងការរត់ពន្ធសម្រាប់បុគ្គលិកអាកាសចរណ៍ទាំងអស់ បន្ទាប់ពីអាជ្ញាធររកឃើញថាមានករណីអ្នកបម្រើលើយន្តហោះ
វៀតណាមចំនួនបួននាក់ នាំយកទំនិញផ្ទុកសារធាតុញៀនប្រមាណ១១.២គីឡូក្រាម ក្នុងពេលធ្វើដំណើរតាមជើងហោះហើរពីប្រទេសបារាំងទៅកាន់ប្រទេសវៀតណាម។
អាជ្ញាធរបាននិយាយថា ហេតុការណ៍ដែលក្រុមការងាររបស់អាកាសយានិកបាននាំយកសារធាតុញៀនចូលវៀតណាមកាលពីថ្ងៃទី១៦មីនានោះ បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនយ៉ាងច្រើន ព្រមទាំងប៉ះពាល់ដល់មុខមាត់វិស័យអាកាសចរវៀតណាមផង ទង្វើនោះក៏ទំនងជាប៉ះពាល់ដល់សន្តិសុខអាកាសចរណ៍ទៀតផង។
កាលពីថ្ងៃទី ១៦ ខែមីនា សន្តិសុខនៅអាកាសយានដ្ឋាន តាន់ ស៊ុន ញ៉ិត(Tan Son Nhat) ទីក្រុងហូជីមិញបានត្រួតពិនិត្យកាបូបរបស់អ្នកបម្រើការងារលើយន្តហោះនិងបានរកឃើញបំពង់ថ្នាំដុសធ្មេញរាប់រយដុំ ដែលមានផ្ទុកសារធាតុញៀនសរុប ១១,៤ គីឡូក្រាម។អាជ្ញាធរវៀតណាមបានចាប់ខ្លួអ្នកបម្រើការងារទាំងបួននោះភ្លាម បន្ទាប់ពីពួកគេធ្វើដំណើរតាមជើងហោះហើរ VN10 ពីប្រទេសបារាំងទៅកាន់ប្រទេសវៀតណាម។
ជនសង្ស័យទាំងបួននាក់បានប្រាប់ប៉ូលីសថា ពួកគេបានយល់ព្រមដឹកជញ្ជូនបំពង់ថ្នាំដុសធ្មេញសរុប៦០គីឡូក្រាមតាមសំណើរបស់មនុស្សម្នាក់នៅប្រទេសបារាំង ដែលបានស្នើសុំដោយប្រយោលតាមរយៈបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍វៀតណាមម្នាក់ទៀត។
អ្នកបម្រើទាំងបួននាក់បាននិយាយថា ពួកគេទទួលបានប្រាក់ប្រមាណ១០លានដុង (៤២២ដុល្លារអាមេរិក)ជាថ្លៃសេវាខ្ចប់ថ្នាំដុសធ្មេញទាំងអស់នេះដឹកពីបារាំងទៅប្រទេសវៀតណាម។ អ្នកទាំងបួនបានបដិសេធថា មិនដឹងថាមានអ្វីនៅក្នុងនោះទេ។ អាជ្ញាធរវៀតណាម បានដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត បានកំណត់ថា ពួកគេមិនបានដឹងថាបំពង់ថ្នាំដុសធ្មេញដែលពួកគេដឹកនោះមានផ្ទុកសារធាតុញៀននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេទាំងបួននាក់កំពុងប្រឈមនឹងការបណ្តេញចេញ បន្ទាប់ពីបានបំពានតួនាទីរបស់ពួកគេដោយរត់ពន្ធទំនិញ
ម្យ៉ាងទៀតពួកគេក៏ទំនងជានឹងមិនអាចធ្វើការនៅក្នុងអាជីវកម្មអាកាសចរណ៍ នៅក្នុងប្រទេសវៀតណាមបានទៀតទេ៕
ប្រែសម្រួល៖វណ្ណ ស័ក្ដិ