ឯកឧត្តម ហ៊ុន ម៉ានី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ១៤ខ្សែ ប្រវែងជាង ១៦៥គីឡូម៉ែត្រ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណកម្មាធិការទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ ប្រវែង១៦៥.៦៣គីឡូម៉ែត្រ ស្ថិតនៅភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ថ្លែងទៅកាន់អ្នកចូលរួមឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ផ្លូវដែលទទួលការសម្ពោធនេះក្រោមគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជំហានទី២។នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមសម្រេចសមិទ្ធផលថ្មីៗប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀតរាល់សមិទ្ធផលទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ គឺកើតចេញពីតម្លៃនៃសន្តិភាព និងស្ថេរភាពនយោបាយ ហើយចំពោះសមិទ្ធផលថ្មីដែលបាននឹងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ និងបម្រើដល់ផលយោជន៍ប្រជាពលរដ្ឋទូទៅ។

ឯកឧត្តម បានបន្តថា តាមរយៈនៃគម្រោងកែលម្អផ្លូវជនបទ គឺពិតជាបានចូលរួមក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវ ទាំងអស់ ព្រមទាំងអ្នកធ្វើដំណើរទទួលបានការកាត់បន្ថយក្នុងកម្រិតអតិបរមាពីការប៉ះពាល់ដល់សុខភាព។
ជាងនេះទៅទៀតគម្រោងក៏បានផ្តល់នូវកាលានុវត្តភាពយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនៅជនបទអាច ទទួលបានផលដោយផ្ទាល់ពីគម្រោងនេះ ដោយអាចធ្វើដំណើរបានគ្រប់រដូវកាលទៅកាន់ទីកន្លែងផ្សេងៗ និងការដឹកជញ្ជូនកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារដើម្បីលក់ដូររកប្រាក់ចំណូលបន្ថែមបង្កើតឡើងនូវកាលានុវត្តភាពសង្គម សេដ្ឋកិច្ចនៅតំបន់ជនបទ និងជំរុញការធ្វើសមាហរណកម្មរវាងទីក្រុង និងជនបទឱ្យកាន់តែមានលក្ខណៈល្អប្រសើរឡើង សំដៅពង្រីកវិសាលភាព និងកែលម្អគុណភាព សេវាសាធារណៈនៅតំបន់ជនបទ។

សូមជម្រាបជូនថា ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវសរុបចំនួន ១៤ខ្សែ ប្រវែង ១៦៥.៦៣គីឡូម៉ែត្រ (ផ្លូវក្រាលកៅស៊ូ DBST ១៥៣.២៥ គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ១២.៣៨គីឡូម៉ែត្រ) ឆ្លងកាត់ ២៥ឃុំ និង ៦ស្រុក សរុបថវិកា ១៥,១៥៤,០០០ ដុល្លារអាមេរិក៕
ដោយ:ម៉ុន សំអាត

ads banner