ខេត្តបាត់ដំបង និង ខេត្តប៉ៃលិន ចុះហត្ថលេខា ស្តីពីការប្រគល់-ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួល”រដ្ឋបាល” រវាងខេត្តទាំងពីរ
បាត់ដំបង:រដ្ឋបាលនៃខេត្តទាំងពីរ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានចុះហត្ថលេខាស្តីពីការប្រគល់-ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ច ក្នុងភូមិសាស្ត្រដែលបានកែសម្រួល”រដ្ឋបាល” កាត់ចេញពីរដ្ឋបាលខេត្តបាត់ដំបងជូនទៅឱ្យរដ្ឋបាលខេត្តប៉ៃលិនគ្រប់គ្រង។
ពិធីចុះហត្ថលេខា នៅលើពិធីសារផ្លូវការ ប្រគល់និងទទួល ដែលបានប្រព្រឹត្តិធ្វើនាសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
យោងលិខិតលេខ.៣០៨០ សជណចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួលដូចខាងក្រោម ៖
កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងប៉ៃលិន ខេត្តប៉ៃលិន និង ស្រុកសំឡូត ខេត្តបាត់ដំបង។ ដោយកាត់ យកភូមិសាស្ត្រតំបន់ភ្នំដំបង នៃឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន៦.៦៨៥ហិកតាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងសង្កែជាខ្សែព្រំប្រទល់រដ្ឋបាល។
កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងស្រុកកំរៀង ខេត្តបាត់ដំបង ដោយកាត់យកភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង នៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន១.៣៧៦ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងកាត់យកភូមិកំពង់ចម្លងក្រោម នៃឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៣.៦១៨ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរីជាខ្សែព្រំប្រទល់រដ្ឋបាល។
ពាក់ព័ន្ធនឹងករណីនេះ ដើម្បីធានាបាននូវនិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវានានា និងការគ្រប់គ្រងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរនៅក្នុងភូមិសាស្ត្រ ដែលបានកែសម្រួលព្រំប្រទល់រដ្ឋបាល រវាង ខេត្តទាំងពីរ រដ្ឋបាលខេត្តបាត់ដំបង ត្រូវធ្វើការផ្ទេរសិទ្ធិនិងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួលព្រំប្រទល់រដ្ឋបាល ពីរដ្ឋបាលខេត្តបាត់ដំបង ជូនទៅឱ្យ រដ្ឋបាលខេត្តប៉ៃលិន តាមរយៈនៃការចុះហត្ថលេខា រវាងរដ្ឋបាលខេត្តទាំង២ខាងលើ ៕
អ៊ុក សំអាន ប.ប