សមិទ្ធផលនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:ត្រៀមរៀបចំពិព័រណ៍ ពីថ្ងៃទី១ ដល់ថ្ងៃទី៣មេសា ដើម្បីឱ្យមហាជនទូទៅបានឃើញពីសិល្បៈខ្មែរគ្រប់ទម្រង់
ភ្នំពេញ៖ ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៣» ។ព្រឹត្តិការណ៍នេះដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិតទាំង ៥មហាវិទ្យាល័យ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ ។
![](https://asset.ams.com.kh/central/media/2023/03/photo_2023-03-29_22-01-39-1024x576.jpg)
ប្រធានគណៈកម្មការរៀបចំពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិត សឿត សុវន្នី ជានិស្សិតគំនូរសារគមនាគមន៍ នៃមហាវិទ្យាល័យសិល្ប:សូន្យរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថា ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងធ្វើឡើងក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៣» នឹងបើកជាផ្លូវការ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
![](https://asset.ams.com.kh/central/media/2023/03/photo_2023-03-29_22-01-44-1024x576.jpg)
និស្សិតរូបនេះបន្តថា ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិតនេះ ធ្វើឡើងដំបូងនៅឆ្នាំ២០១៥ ប៉ុន្តែត្រូវបានអាក់ខាននៅឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយសារការរាតត្បាត នៃជំងឺកូវីដ១៩។ ព្រឹត្តិការណ៍ដែលបានរៀបចំធ្វើកន្លងមក មានមហាជនទូទៅ ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរចូលទស្សនាប្រមាណប្រាំបី ទៅ ប្រាំបួនពាន់នាក់ ក្នុងរយៈពេលបីថ្ងៃ ឬក៏អាចច្រើនជាងនេះ ។
![](https://asset.ams.com.kh/central/media/2023/03/photo_2023-03-29_22-01-53-1024x576.jpg)
ពាក់ព័ន្ធនឹងការបង្ហាញពីស្នាដៃរបស់និស្សិតទាំង ៥មហាវិទ្យាល័យ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ប្រធានគណៈកម្មការរៀបចំដដែល បានបញ្ជាក់ថា មហាវិទ្យាល័យនីមួយៗ នឹងលើកយកនូវសមិទ្ធផលការងាររបស់និស្សិតឆ្នើមរៀងៗខ្លួន ដើម្បីបង្ហាញឱ្យមហាជនទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ ហើយក៏ដើម្បីឱ្យមានការយល់ដឹងច្បាស់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាយល់ដឹងពីរបៀបនៃការដំឡើង របៀបនៃការធ្វើ របៀបនៃការរៀបចំរបស់យុវជន មានលំដាប់លំដោយបែបណាខ្លះ ។
![](https://asset.ams.com.kh/central/media/2023/03/photo_2023-03-29_22-02-21-1024x768.jpg)
ក្នុងនាមជានិស្សិត និងជាយុវជន ក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបង្ហាញក្ដីរីករាយដែលបានជួបជុំគ្នារៀបចំព្រឹត្តិការណ៍ នេះឡើងដោយទី១-បង្ហាញពីស្នាដៃ, ទី២-បង្ហាញពីសាមគ្គីភាព, ទី៣-បង្ហាញពីការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយក៏មានការពាក់ព័ន្ធនឹងការចូលរួមរបស់ Bayoun The Game នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ផងដែរ ដើម្បីចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក ឱ្យឃើញថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនខ្មែរ យុវជនខ្មែរ និងការចូលរួមក្នុងតួនាទីរបស់យុវជន មានសារៈសំខាន់ខ្លាំងមែនទែន។
![](https://asset.ams.com.kh/central/media/2023/03/photo_2023-03-29_22-02-24-1024x768.jpg)
ក្នុងនាមជាយុវជន ក្រុមនិស្សិត ពិតជារីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅ ដល់មហាជនទូទៅ អញ្ជើញមកទស្សនាទេពកោសល្យស្នាដៃនៃសាលារចនា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសាដើម្បីស្វែងយល់បន្ថែម និងបានមើលនូវទស្សនីយភាពផ្សេងៗ ដែលនិស្សិតនៅក្នុងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះឡើង។
សម្រាប់ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅពេលខាងមុខនេះ នឹងមានរៀបចំនូវការសម្ដែងសិល្បៈ និងទស្សនិកភាពផ្សេងៗដូចជា៖ របាំ និងល្ខោនខោលជាដើម ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ