ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជាចូលរួមកម្មវិធីបណ្តុះបណ្តាលអន្តរជាតិនៅប្រទេសថៃ
ភ្នំពេញ ៖ ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជាកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានចេញដំណើរទៅកាន់ប្រទេសថៃសម្រាប់កម្មវិធីបណ្តុះបណ្តាលអន្តរជាតិមួយដែលមានរយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែមីនា រហូតដល់ថ្ងៃទី ៥ ខែមេសា។
ក្រោមការឧបត្ថម្ភពីមូលនិធិព្រីនស៍ និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក្រុមដែលមានសមាជិក ១៦នាក់ នេះនឹងចូលរួមកម្មវិធីជំរំដើម្បីការអភិវឌ្ឍស្រ្តីនៅតំបន់អាស៊ីអូសេអានី (AOZ) នៅខេត្តសូផាន់បុរី ប្រទេសថៃ ដើម្បីពង្រឹងជំនាញ និងបទពិសោធន៍ក្នុងការត្រៀមប្រកួតសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ។
កម្មវិធីនេះត្រូវបានរៀបចំដោយសហព័ន្ធកីឡាបាល់បោះរទេះរុញអន្តរជាតិ ដោយមានការគាំទ្រពីមូលនិធិ Agitos និង មូលនិធិ World Wheelchair Express។ អត្តពលិកមកពីបណ្តាប្រទេសចូលរួមមានដូចជា បង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ ហ្វីលីពីន និងថៃ នឹងត្រៀមបង្កើនជំនាញរបស់ពួកគេតាមរយៈការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងការធ្វើត្រាប់តាមការប្រកួត។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ និងមូលនិធិព្រីនស៍ ដែលបានជួយឱ្យក្រុមអត្តពលិករបស់ពួកយើងឈានទៅដល់សក្តានុពលដ៏ពេញលេញមួយរបស់ពួកគេ។ ក្រុមអត្តពលិកនារីរបស់យើងដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២ ទន្ទឹមរង់ចាំចូលរួមក្នុងកម្មវិធីជំរុំដើម្បីការអភិវឌ្ឍស្រ្តីនៅតំបន់អាស៊ីអូសេអានី និងបន្តពង្រឹងសមត្ថភាពជំនាញរបស់ពួកគេនៅលើឆាកអន្តរជាតិ»។
លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ បានសម្តែងការគាំទ្ររបស់គាត់ចំពោះក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា ។ មូលនិធិព្រីនស៍ប្តេជ្ញាផ្តល់សិទ្ធិនិងលើកកម្ពស់បរិយាបន្នជនពិការតាមរយៈកីឡា ៕ ដោយ :គ្រី សម្បត្តិ