មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានជួបពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យ រាជផាត់អ៊ូប៊ុនរាជធានី ប្រទេសថៃ

ភ្នំពេញ:នាសាលប្រជុំព្រះវិហារទីស្តីការក្រសួងព័ត៌មាន ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យ នៃថៃ ដឹកនាំដោយ លោកបណ្ឌិត THAMMARAK LA-ONGNUAL សាកលវិទ្យាធិការស្តីទី នៃសាកលវិទ្យាល័យ រាជផាត់អ៊ូប៊ុនរាជធានីនៃព្រះរាជាណាចក្រថៃ ។ជំនួបផ្តោតសំខាន់ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យអប់រំ និងបណ្តុះបណ្តាល។

ក្នុងជំនួបកាលពីព្រឹកថ្ងៃទី ២៩ ខែមីនា ឯកឧត្តម សុខ ប្រសិទ្ធិ បាននាំនូវប្រសាសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ជូនចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងអស់ដែលបានស្គាល់ និងមានកិច្ចសហការជាមួយគ្នា ។


ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថានេះជាលើកទី២ ហើយដែលភាគីទាំងពីរបានជួបប្រជុំពិភាក្សាជាមួយគ្នាដោយលើកទី១ រៀបចំឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ដែលបានពិនិត្យលទ្ធភាពលើការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យលើការអប់រំ និងបណ្តុះបណ្តាល ហើយកិច្ចពិភាក្សាបានក្លាយជាជំហានវិជ្ជមានថ្មីមួយទៀត ដែលនឹងនាំឱ្យសម្រេច បាននូវការឯកភាពដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលអនាគតដ៏ខ្លីខាងមុខនេះ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រសួងព័ត៌មានក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ តែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងឡាយសំដៅជំរុញ និងអភិវឌ្ឍន៍វិស័យព័ត៌មាន និងផ្សព្វផ្សាយនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការលើកកម្ពស់ធនធានមនុស្ស បច្ចេកទេស សម្ភារៈ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ក្រសួង មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយភាគីថៃលើវិស័យព័ត៌មាន និងផ្សព្វផ្សាយដូចជា ការិយាល័យព័ត៌មានជាតិថៃ (NNT) វិទ្យុជាតិថៃ ប្រព័ន្ធការផ្សព្វផ្សាយជាតិថៃ (NBT) នាយកដ្ឋានទំនាក់ទំនងសាធារណៈថៃ (PRD) ដែលបានសហប្រតិបត្តិការគ្នាលើការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរឯកសារបោះពុម្ពផ្សាយ កម្មវិធីទូរទស្សន៍ និងកម្មវិធីវិទ្យុមិត្តភាពកម្ពុជា-ថៃ (Twin Radio) ជាដើម។   

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ឯកឧត្តម សុខ ប្រសិទ្ធិ សង្ឃឹមថា ភាគីទាំងពីរនឹងសម្រេចបានសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីវិស័យអប់រំ និងបណ្តុះបណ្តាល ដោយការផ្តល់អាហារូបករណ៍លើជំនាញនានាជូនដល់ក្រសួងព័ត៌មាន ដែលពេលកន្លងមកក្រសួងក៏ទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យតាមរយៈសម្ពន្ធយុវជនអាហារូបករណ៍(ស២)។
លោកបណ្ឌិត THAMMARAK LA-ONGNUAL បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ក្នុងនាមជាប្រទេសជិតខាង ហើយសាកលវិទ្យាល័យ ពិតជាមានមោនភាពចំពោះការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ។
នាពេលខាងមុខនេះ សាកលវិទ្យាល័យបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន លើការអប់រំ និងបណ្តុះបណ្តាលតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងអាហារូបករណ៍។

ក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះដែរ ខាងភាគីសាកលវិទ្យាល័យ នៃប្រទេសថៃ បានលើកឡើងពីការកក់សម្គាល់ឃើញអំពីកិច្ចខិតខំប្រឹងប្រែង និងស្នាដៃយ៉ាងធំធេងក្នុងការកសាងវិស័យព័ត៌មាន របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ដូចនេះ សាកលវិទ្យាល័យ នឹងរៀបចំប្រគល់ជូនបណ្ឌិតកិត្តិយសជូន ឯកឧត្តម រដ្ឋមន្ត្រី នាពេលខាងមុខ ។

ជាមួយនេះ លោកបណ្ឌិត THAMMARAK បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងកីឡាករបាល់ទាត់ ក្រសួងព័ត៌មាន ទៅប្រទេសថៃ ដើម្បីធ្វើការរៀបចំប្រកួតកីឡាមិត្តភាពរវាងភាគីទាំងពីរ ដោយភាពសប្បាយរីករាយ ៕
ដោយ:រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner