ប្រមុខការទូតអ៊ីរ៉ង់៖ កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងអ៊ីរ៉ង់ មិនសំដៅប្រឆាំងនឹងប្រទេសទីបីឡើយ
តេហេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៊ីយ៉ាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន IRNA នៅថ្ងៃទី២៩ ខែមីនានេះ នៅពេលមកដល់ទីក្រុងមូស្គូថា កិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងរុស្ស៊ីក្នុងវិស័យការពារជាតិមិនបំពានលើផលប្រយោជន៍របស់ប្រទេសទីបីឡើយ ។
Read. រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៊ីយ៉ាន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហានៅក្នុងរបៀបវារៈកិច្ចសហប្រតិបត្តិការទ្វេភាគី (រុស្ស៊ី-អ៊ីរ៉ង់) ហើយវាមិនសំដៅប្រឆាំងនឹងប្រទេសទីបីណាមួយនោះឡើយ។ កន្លងមក ក្រសួងការបរទេសអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បាននឹងកំពុងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី។
ជាការឆ្លើយតបទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់ បានច្រានចោលការចោទប្រកាន់ជាច្រើនលើក អំពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមគ្នា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានចាត់ទុករបាយការណ៍បែបនេះថា ជាព័ត៌មានក្លែងក្លាយ ហើយអះអាងថា កងទ័ពរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយរុស្ស៊ីផ្ទាល់។
ដោយឡែកនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ លោក អាមៀ អាប់ដូឡាហ៊ីយ៉ាន បាននិយាយថា អ៊ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែមានតែមួយចំនួនតិចតួចប៉ុណ្ណោះ ដែលត្រូវបានដឹកជញ្ជូនជាច្រើនខែ មុនពេលប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីចាប់ផ្តើមនៅអ៊ុយក្រែន៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា