កាណាដានឹងផ្តល់ប្រាក់កម្ចី ១.៧៦ពាន់លានដុល្លារដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៣
អូតាវ៉ា៖ យោងតាមសេចក្តីព្រាងថវិកាសហព័ន្ធរបស់ប្រទេសកាណាដា បានឱ្យដឹងថា រដ្ឋាភិបាលកាណាដាគ្រោងនឹងផ្តល់ប្រាក់កម្ចី ២.៤ពាន់លានដុល្លារកាណាដា ឬប្រមាណ ១.៧៦ពាន់លានដុល្លារអាមេរិកដល់រដ្ឋាភិបាលអ៊ុយក្រែន ។
ឯកសារដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែមីនានេះ បានបញ្ជាក់ថា ការសន្យាផ្តល់ប្រាក់កម្ចីបន្ថែមចំនួន ២.៤ពាន់លានដុល្លារកាណាដាទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៣នេះ នឹងត្រូវផ្តល់តាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ក្រៅពីនេះ ថវិកាចំនួន ២០០លានដុល្លារកាណាដា ឬប្រមាណ ១៤៦.៧លានដុល្លារអាមេរិកផ្សេងទៀត នឹងត្រូវបែងចែកសម្រាប់ការផ្តល់សម្ភារៈយោធាដល់ប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងរថក្រោះខ្លារខិន Leopard 2 ចំនួន ៨គ្រឿងផងដែរ។
ចំណែកថវិកា ៨៤.៨លានដុល្លារកាណាដា ឬប្រមាណ ៦២.២លានដុល្លារអាមេរិក នឹងត្រូវបែងចែកសម្រាប់ជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែននៅឆ្នាំ ២០២៣-២០២៤៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា