ជប៉ុនប្រឈមនឹងកង្វះកម្មករជាង ១០លាននាក់នៅឆ្នាំ ២០៤០
តូក្យូ៖ ប្រទេសជប៉ុនអាចប្រឈមនឹងកង្វះកម្មករជាង ១០លាននាក់នៅក្នុងឆ្នាំ ២០៤០ខាងមុខ នៅពេលដែលកំណើនប្រជាជនធ្លាក់ចុះ ជាពិសេសប្រជាជនវ័យចំណាស់។ នេះបើតាមការព្យាករណ៍របស់វិទ្យាស្ថានស្រាវជ្រាវជប៉ុន។
ការព្យាករណ៍នេះបានឲ្យដឹងទៀតថា នៅគ្រប់ខេត្តទាំងអស់លើកលែងតែទីក្រុងតូក្យូ ក៏នឹងមានការខ្វះខាតកម្មករដូចគ្នា ហើយអត្រានៃការខ្វះកម្លាំងពលកម្មនឹងមានលើសពី ២០ភាគរយក្នុងខេត្តចំនួន ១៨ ឬប្រហែលមួយភាគបីនៃខេត្តទាំងនោះ។ តួលេខនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងផងដែរ ដល់ទៅ ៣០ភាគរយនៅក្នុងខេត្តក្យូតូ, នីអ៊ីហ្គាតា និងណាហ្គាណុ ដោយសារតែអត្រាកំណើតធ្លាក់ចុះ គួបផ្សំនឹងចំនួនប្រជាជនវ័យចំណាស់។
ស្របពេលជាមួយគ្នានេះដែរ លោក ហ៊្វូរូយ៉ា ហ្សូតូ ដែលជាអ្នកស្រាវជ្រាវមួយរូបបាននិយាយថា កង្វះបុគ្គលិករបស់ប្រទេសជប៉ុន នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកកាន់តែអាក្រក់ទៅៗ។
គួរបញ្ជាក់ថា វិទ្យាស្ថាន Recruit Works Institute ដែលជាវិទ្យាស្ថានស្រាវជ្រាវនៃក្រុមហ៊ុនសេវាកម្មព័ត៌មានដ៏ធំមួយ បានចេញផ្សាយការព្យាករណ៍ខាងលើនេះ ដោយផ្អែកលើការប៉ាន់ប្រមាណផលិតផលក្នុងស្រុកសរុប (GDP) នាពេលអនាគត និងសមាមាត្រនៃបុគ្គលិកតាមភេទ និងជំនាន់៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា