ភ្ញៀវបរទេសមួយក្រុមធំបានមកឈ្វេងយល់ពីវប្បធម៍និងសាសនា នៅក្នុងវត្តស្វាយរមៀត
សៀមរាប៖ បច្ចុប្បន្នវត្តស្វាយរមៀត បន្ទាប់ពីកូវីដ.១៩ បានធូរស្បើយ គេសង្កេតឃើញថា ភ្ញៀវជាច្រើនបានមកទស្សនា ឈ្វេងយល់ពីវប្បធម៍ទំនៀមទំលាប់សាសនា និងបាននិមន្តព្រះសង្ឃសូត្រធម៍ប្រោះព្រំសុំពរជ័យសិរីសួស្តីមុនត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។
ជាក់ស្តែង នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោក ខាន់ វ៉ាន់ឆាយ តំណាងបណ្តាញក្រុមភ្ញៀវទេសចរណ៍ប្រចាំខេត្តសៀមរាប បានបង្ហាញថា វិស័យទេសចរណ៍វប្បធន៍ និងពុទ្ធសាសនា ភ្ញៀវមានការកើនឡើងច្រើនវិញហើយ បន្ទាប់ពីវិបត្តិកូវិដ.១៩ បានធូរស្បើយកន្លងមក ជាលើកទី១ហើយ ដែលយើងបានឃើញទីវត្តអារាមមានការរៀបចំទីធ្លា សួនច្បារ បរិស្ថានអនាម័យល្អ និងមានសណ្តាប់ធ្នាប់ល្អ សាកសមជាកន្លែងទីសក្ការបូជា។
លោក បន្តថា នៅថ្ងៃនេះយើងមានភ្ញៀវមួយក្រុមជនជាតិបារាំងចំនួន ៦២នាក់ បានទស្សនា និងឈ្វេងយល់ពីវប្បធម៍ទំនៀមទំលាប់ប្រពៃណី សាសនាជាដើម ។ យើងនាំភ្ញៀវមកកាន់វត្តស្វាយរមៀត គឺចង់បង្ហាញពីភាពស្រស់ស្អាត និងវប្បធម៍សាសនារបស់យើងទៅកាន់ពិភពលោក ហើយកន្លែងដែលយើងគោរពព្រះពុទ្ធសាសនានោះ គឺជាកន្លែងស្អាតដូចដែលពួកគាត់បានមកមើលជាក់ស្តែងតែម្តង ពីមុនមកយើងក៏ធ្លាប់បាននាំភ្ញៀវទៅទស្សនានៅតាមវត្តមួយចំនួនក្នុងក្រុងដែរ ឥឡូវទាក់ទងនឹងគោលដៅរបស់ភ្ញៀវយើងចង់នាំពួកគាត់ឲ្យមកកាន់វត្តស្វាយរមៀតឲ្យបានច្រើនដែលយើងអាចធ្វើទៅបាន។
លោក បានបញ្ជាក់ទៀតថា ក្រុមភ្ញៀវទាំងអស់ដែលបានមកឈ្វេងយល់នៅទីនេះ ពួកគាត់បានសម្តែងសេចក្តីរីករាយឥតឧបមា ពួកគាត់មិននឹកស្មានថា នៅក្នុងទីវត្តអារាមមួយនេះ មានភាពស្រស់ស្អាតបែននេះសោះ ហើយពួកគាត់មានទឹកចិត្តជ្រះថ្លា ហួសពីការរំពឹងទុករបស់ពួកគាត់។ ដោយឡែក នៅក្នុងបរិវេណនេះ ក៏មានតាំងនូវពាក្យស្លោកជាភាសាខ្មែរ និងភាសាអង្លេសជាច្រើន ដើម្បីជាការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពុទ្ធបរិស័ទដែលកាន់នូវពុទ្ធសាសនា ហើយក៏បង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនា ក៏ដូចជាឈ្វេងយល់ពីពុទ្ធសាសនា។
គួរបញ្ជាក់ថា នៅក្នុងបរិវេណវត្តបារាយមហានទីរតនារាម ហៅ វត្តស្វាយរមៀតនេះ ព្រះសង្ឃបានដាំដើមឈើ រៀបចំសូន ដាំផ្កាជាច្រើន ដោយដើមឈើខ្លះបានដុះនៅក្នុងវត្តស្រាប់យើងគ្រាន់តែអភិរក្ស និងបានដាំបន្ថែម ព្រមទាំងដើមឈើខ្លះទៀតក៏បានទិញពីតាមបណ្តាខេត្តផ្សេងៗផងដែរ។ ជាមួយនេះដែរ លោក ក៏បានអំពាវនាវដល់ក្រុមហ៊ុនបម្រើសេវាកម្មភ្ញៀវឯកជននៅក្នុងខេត្តសៀមរាប អាចនាំភ្ញៀវមកទស្សនានឹងឈ្វេងយល់ពីវប្បធម៌និងសាសនានៅក្នុងវត្តស្វាយរមៀតបាន ពីព្រោះថានៅទីនេះ ព្រះសង្ឃបានរៀបចំបានល្អប្រសើរណាស់៕ ដោយ ស៊ាន សុផាត