មន្រ្តីជាន់ខ្ពស់ក្រសួងការងារ បង្ហាញថា សិស្សដែលរៀនជំនាញផ្នែកទេសចរណ៍ ប្រមាណជា ៩០ភាគរយទទួលបានការងារធ្វើពេលរៀនចប់
ខេត្តសៀមរាប ៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី២០ នៃសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះថា ក្រោយពីស្ថានភាពកូវិដមានការធូរស្រាលភ្ញៀវទេសចរបានវិលមកវិញ កម្ពុជា មានតម្រូវការធនធានមនុស្សផ្នែកទេសចរណ៍ជាច្រើន សម្រាប់បម្រើឱ្យវិស័យមួយនេះ ។
ឯកឧត្តមបានបន្តថា សិស្សដែលបានរៀនជំនាញនានាពាក់ព័ន្ធវិស័យទេសចរណ៍ នៅសាសាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូលនេះ មានប្រមាណ៩០ភាគរយ ពេលរៀនចប់ភ្លាម គឺទទួលបានការងារធ្វើភា្លម។ ហើយឥឡូវនេះរាជរដ្ឋាភិបាលកម្ពុជាបានកំពុងតែពង្រីកសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀតទៅតាមបណ្តាខេត្ត ដូចជានៅខេត្តកំពុងឆ្នាំង និងខេត្តបន្ទាយមានជ័យ កំពុងតែដំណើរការសាងសង់ ក្នុងគោលបំណងឱ្យយុវជនមានឱកាសចូលរៀន និងបណ្តុះបណ្តាលធនធានមនុស្សបំពេញតម្រូវការទីផ្សារការងារ ។ ហើយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសម្រាប់អាណត្តិក្រោយនេះ គឺបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ប្រមាណ ១លាន ៥សែននាក់ផងដែរ ។
លោក ហ្វ្រាង់ស្វ័រ ស្នូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានថ្លែងថា នៅក្នុងរយៈពេល ២០ឆ្នាំមកនេះ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងខេត្តសៀមរាប ក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការលើកកម្ពស់ គុណភាពសេវាកម្មផ្នែកទេសចរណ៍ ដែលជាតម្រូវការ ទីផ្សារការងារអាទិភាពចំាបាច់សម្រាប់ខេត្តទេសចរណ៍មួយនេះ ឱ្យក្លាយទៅជាសេវាកម្ម ទេសចរណ៍ប្រកបដោយ ស្តង់ដារអន្តរជាតិ។ ជាពិសេស បានផ្តល់អនាគតដ៏ភ្លឺស្វាងដល់យុវជនកម្ពុជារាប់ពាន់នាក់ ។
សូមបញ្ជាក់ថា សិស្សទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈ នាពេលនេះមានចំនួន ២០៧ ក្នុងនោះមាន ក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ាន ចំនួន១៣៥នាក់ ផ្នែកថ្នាក់ត្រៀមបដិសណ្ឋារកិច្ចចំនួន២៦នាក់ ថ្នាក់សញ្ញាបត្រវិជ្ជាជីវៈ ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច មានចំនួន១៥នាក់ វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជំនាញ បដិសណ្ឋារកិច្ចសេវាកម្មសណ្ឋាគារសម្រាប់ពលករទេសន្តរប្រវេសន៍ក្រោមជំនួយឧបត្ថម្ភរបស់អង្គការអន្តរជាតិទេសន្ត- ប្រវេសន៍(IOM) ចំនួន៣១នាក់ ។
លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងផងដែរថា លោកគ្រូ-អ្នកគ្រូ បុគ្គលិក ព្រមទាំងសហការីទាំងអស់ ដែលបានចំណាយពេលវេលា និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ទេរទេពកោសល្យ និងបទពិសោធន៍ល្អៗទៅឱ្យសិក្ខាកាមរបស់យើង ឱ្យទទួលបាននូវចំណេះដឹង ក្នុងក្របខណ្ឌបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម ដែលធ្វើឱ្យបងប្អូនមានជំនាញវិជ្ជាជីវៈផ្សេងៗគ្នា តាមចំណង់ចំណូលចិត្ត និងឧបនិស្ស័យរបស់ខ្លួន ដើម្បីយកទៅប្រកបរបរចិញ្ចឹមជិវិត និងជួយទ្រទ្រង់ជីវភាពគ្រួសារ សង្គមជាតិ ជាពិសេសលើកកម្ពស់គុណភាពសេវាកម្មផ្នែកទេសចរណ៍ នៅក្នុងខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរជាងមុន។
លោក បានបន្តទៀតថា ជាការពិតណាស់ ចាប់ពីការបង្កើតរហូតមកដល់បច្ចុប្បននេះ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានដើរតួនាទីយ៉ាងសំខាន់ ប្រកបដោយសក្តានុពល ក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សមួយនៅក្នុងខេត្ត ដោយឡែកគឺបង្កើនធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដែលជាតម្រូវការចំាបាច់សម្រាប់ខេត្តសៀមរាប៕ ដោយ ស៊ាន សុផាត