លោក ចូ បៃដិន និងប្រធានាធិបតីអាហ្សង់ទីន ចង់បង្កើនសមាហរណកម្មសេដ្ឋកិច្ចទ្វេភាគី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី២៩ ខែមីនានេះ បានសាទរចំពោះឱកាសដ៏ធំ ក្នុងការបង្កើនសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសអាហ្សង់ទីន នៅពេលដែលគាត់ជួបពិភាក្សាជាមួយមេដឹកនាំប្រទេសអាមេរិកខាងត្បូង លោក អាល់ប៊ឺតូ ហ្វឺណាន់ដេស នៅសេតវិមាន។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា កិច្ចប្រជុំនាពេលនេះ គឺជាឱកាសដើម្បីបញ្ជាក់ឡើងវិញថា គ្មានអ្វីហួសពីលទ្ធភាពរបស់យើងទេ ប្រសិនបើយើងធ្វើការជាមួយគ្នា។
លោកថា ប្រទេសទាំងពីរ (អាមេរិក-អាហ្សង់ទីន) កំពុងចាប់ផ្តើមសតវត្សបន្ទាប់នៃភាពជាដៃគូរបស់យើង បន្ទាប់ពីទំនាក់ទំនងការទូតរយៈពេល ២០០ឆ្នាំ ដើម្បីបង្កើតឱកាសដ៏ធំសម្បើម ក្នុងការបង្កើនសមាហរណកម្មសេដ្ឋកិច្ចរបស់យើង។
ជាមួយគ្នានេះ មេដឹកនាំអាហ្សង់ទីនបានថ្លែងអំណរគុណដល់លោក ចូ បៃដិន ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងទំនាក់ទំនងរវាងទីក្រុងប៊ុយណូស៊ែ និងអង្គការសេដ្ឋកិច្ចអន្តរជាតិ។
ទន្ទឹមគ្នា លោក ហ្វឺណាន់ដេស ក៏បានសង្កត់ធ្ងន់លើឆន្ទៈរបស់ប្រទេសគាត់ ក្នុងការសហការជាមួយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយនិយាយថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា