ហេតុអ្វីបានជាយោធាមីយ៉ាន់ម៉ារៀបចំការបោះឆ្នោត?
ណៃពិដោ៖ ក្រុមយោធាដែលកំពុងកាន់អំណាចនៅប្រទេសមីយ៉ាន់ម៉ា កំពុងបន្តផែនការរៀបចំការបោះឆ្នោតនាពេលខាងមុខ ខណៈដែលជម្លោះផ្ទៃក្នុងនៅតែបន្តកើតមានឡើងនៅទូទាំងប្រទេសបន្ទាប់ពីការធ្វើរដ្ឋប្រហារកាលពី ២ ឆ្នាំមុន ហើយគណបក្សធំៗមួយចំនួនមិនអាចចូលរួមបោះឆ្នោតបាន។ រីឯគណបក្សខ្លះទៀត មិនចង់ចូលរួមក្នុងការបោះឆ្នោតនេះតែម្ដង។
រហូតមកដល់ពេលនេះ យោធាមីយ៉ាន់ម៉ាបានគ្រប់គ្រងប្រទេសអស់រយៈពេលប្រាំមួយទសវត្សរ៍មកហើយ ហើយរយៈពេល ១០ ឆ្នាំមុនពេលដែលរដ្ឋប្រហារបានកើតឡើង ប្រទេសនេះបានផ្លាស់ប្តូរទៅជាប្រព័ន្ធនយោបាយពាក់កណ្តាលស៊ីវិល ដោយពួកយោធាបានបែងចែកអំណាចជាមួយរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។
ប្រព័ន្ធនយោបាយនោះត្រូវបានបង្កើតឡើងដោយក្រុមយោធា ដើម្បីអនុញ្ញាតឱ្យពួកគេដកខ្លួនពីការគ្រប់គ្រងប្រទេសដោយផ្ទាល់ ខណៈដែលពួកគេក៏កំពុងរក្សាតួនាទីនយោបាយ និងការពារផលប្រយោជន៍របស់ខ្លួន ពោលគឺធ្វើយ៉ាងណាមិនឱ្យស្ថិតនៅក្រោមអ្នកនយោបាយជាប់ឆ្នោតនោះឡើយ។
ការធ្វើបែបនេះគឺជាជោគជ័យមួយ ព្រោះយ៉ាងហោចណាស់ មីយ៉ាន់ម៉ាមិនទទួលរងការដាក់ទណ្ឌកម្ម និងជាប់គាំងសេដ្ឋកិច្ចដូចពីមុននោះទេ។ ការវិលត្រឡប់មកវិញនៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា តាមរយៈការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល បានធ្វើកំណែទម្រង់ដែលមិនធ្លាប់មានពីមុន ហើយការវិនិយោគរបស់លោកខាងលិច និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចក៏បានកើនឡើងជាខ្លាំង។ យ៉ាងណាមិញ អ្វីគ្រប់យ៉ាងក៏ត្រូវបាត់បង់ទៅវិញ បន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១។
មុនពេលធ្វើរដ្ឋប្រហារ ក្រុមឧត្តមសេនីយ៍បានចុះធ្វើអន្តរាគមន៍ត្រឹមតែប៉ុន្មានម៉ោងមុនពេលសភាថ្មីត្រូវកោះប្រជុំ ដោយពួកគេបានលើកឡើងពីភាពមិនប្រក្រតីដែលមិនទាន់បានដោះស្រាយនៅក្នុងការបោះឆ្នោតកាលពី ៣ ខែមុន និងដែលត្រូវបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ឬហៅកាត់ថា NLD ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។ យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត មិនបានរកឃើញបញ្ហាដែលក្រុមយោធាបានចោទប្រកាន់នោះទេ។
ក្រុមអ្នកជំនាញបានយល់ឃើញថា រដ្ឋប្រហារនេះធ្វើឡើងគ្រាន់តែដើម្បីរក្សាតំណែងរបស់ពួកយោធាតែប៉ុណ្ណោះ ពោលគឺដោយសារតែគូប្រជែងដ៏ខ្លាំងរបស់ពួកគេ គឺគណបក្ស NLD បានឈ្នះឆ្នោតរហូតដល់ទៅ ៨០ ភាគរយនៃអាសនៈសរុប។ ដោយឡែក គណបក្សដែលគាំទ្រដោយយោធា ទទួលបានតែ ៧ ភាគរយប៉ុណ្ណោះ។ ការយកឈ្នះដាច់ឆ្ងាយរបស់គណបក្ស NLD បែបនេះគឺមានន័យថា ពួកគេអាចកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីធ្វើឱ្យអំណាចនយោបាយរបស់យោធាចុះខ្សោយបាន។
គួរដឹងដែរថា លោកស្រី អ៊ុងសាន ស៊ូជី មានអាយុ ៧៧ ឆ្នាំ ហើយកំពុងជាប់ពន្ធនាគារអស់រយៈពេល ៣៣ ឆ្នាំមកហើយ ក្រោមបទចោទប្រកាន់ជាច្រើនពីតុលាការ។ បណ្ដាមិត្តស្និទ្ធស្នាលរបស់លោកស្រីបានលើកឡើងថា ការឃុំខ្លួននេះគឺដើម្បីបញ្ចប់អាជីពនយោបាយរបស់លោកស្រី ហើយមានមន្ត្រីជាច្រើននាក់ទៀតដែលមកពីគណបក្ស NLD កំពុងជាប់ពន្ធនាគារ ហើយអ្នកខ្លះទៀតបានរត់ភៀសខ្លួន។
សូមរំឭកដែរថា របបយោធាបានធ្វើការរំលាយគណបក្ស NLD និងគណបក្សចំនួន ៣៩ ផ្សេងទៀត បន្ទាប់ពីគណបក្សទាំងនោះខកខានមិនបានបំពេញតាមលក្ខខណ្ឌកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២៨ ខែមីនា។ ប៉ុន្តែក៏មានគណបក្សជាច្រើនដែលគ្មានឆន្ទៈចូលរួមការបោះឆ្នោត ហើយគណបក្សខ្លះផ្សេងទៀត មិនអាចចូលរួមបាន៕
ប្រែសម្រួល៖ធា សុខណា