ជន ជាតិ ម៉ាឡេស៊ី ៣ នាក់ ត្រូវ ចាប់ ខ្លួន បញ្ជូន ទៅ សិង្ហបុរី ជុំ វិញ ប្រតិបត្តិការ បោក ប្រាស់ « ក្លែង ធ្វើ មិត្ត »

គូឡាឡាំពួរ: បុរសជនជាតិម៉ាឡេស៊ី៣នាក់ ត្រូវបានអាជ្ញាធរធ្វើបត្យាប័នទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ជុំវិញការសង្ស័យថាពួកគេមានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការបោកប្រាស់ «ក្លែងធ្វើជាមិត្តភត្តិ» តាមទូរស័ព្ទដែលកំណត់គោលដៅលើជនជាតិសិង្ហបុរី។
បុរសទាំង៣នាក់ នោះមានអាយុចន្លោះ ពី១៨ទៅ២៧ឆ្នាំ និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ខែមីនា ដោយនាយកដ្ឋានកិច្ចការពាណិជ្ជកម្មសិង្ហបុរី ដែលរួមប្រតិបត្តិការជាមួយនាយកដ្ឋានស៊ើបអង្កេត ឧក្រិដ្ឋកម្មពាណិជ្ជកម្មរដ្ឋជូហ័រនៃប៉ូលីសម៉ាឡេស៊ី។

កងកម្លាំងប៉ូលិសសិង្ហបុរី បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថាការស៊ើបអង្កេតបឋមបានបង្ហាញថា បុរសទាំង៣បានចាប់ផ្តើមប្រតិបត្តិការឆបោករបស់ខ្លួននៅដើមឆ្នាំនេះ ហើយមានការជាប់ពាក់ព័ន្ធក្នុងរបាយការណ៍ឆបោកជាង៤០ដែលបាត់បង់ទឹកប្រាក់សរុបជាង២៥០០០០ដុល្លារ សិង្ហបុរី (១៨៧៩៥០ដុល្លារអាមេរិក)។
ប៉ូលិសដដែលបានឱ្យដឹងថា ចាប់តាំងពីខែមករា មកមនុស្សជាង១៣០០នាក់ដែលជាជនរងគ្រោះ នៃប្រតិបត្តិការបោកប្រាស់ «ក្លែងធ្វើមិត្ត» ត្រូវបានគេឆបោកអស់ប្រាក់យ៉ាងហោចណាស់៤,៣៣លានដុល្លារ សិង្ហបុរី។
គួរគូសបញ្ជាក់ថាជាធម្មតាប្រតិបត្តិការបោកប្រាស់ «ក្លែងធ្វើមិត្ត»គឺពាក់ព័ន្ធនឹងអ្នកបោកប្រាស់ដែលទាក់ទងជនរងគ្រោះតាមរយៈ ការផ្ញើសារឬការហៅទូរស័ព្ទដោយបន្លំធ្វើជានរណាម្នាក់ ដែលជនរងគ្រោះស្គាល់រួចហៅសុំឱ្យជួយ ផ្ញើលុយឱ្យ។
ប្រធាននាយកដ្ឋានកិច្ចការពាណិជ្ជកម្មសិង្ហបុរី លោកDavidChewបានថ្លែងថា៖ «ការបោកប្រាស់ «ក្លែងធ្វើមិត្ត» តាមទូរស័ព្ទកំពុងកើនឡើងហើយ នេះគឺជាការព្រួយបារម្ភដ៏ធ្ងន់ធ្ងរ»។ លោកបន្តថា៖ «យើងនឹងបន្តចាត់វិធានការតឹងតែងប្រឆាំង នឹងបុគ្គលដែលបន្តការបោកប្រាស់បើទោះបីជាពួកគេ រស់នៅបរទេសក៏ដោយ»។
សូមបញ្ជាក់ថា ជនសង្ស័យជនជាតិម៉ាឡេស៊ីដែល គេមិនបញ្ចេញអត្តសញ្ញាណលម្អិតទាំង៣នាក់ នឹងត្រូវបញ្ជូលទៅតុលាការនៅថ្ងៃព្រហស្បតិ៍ ក្រោមសំណុំរឿងសមគំនិតក្លែងបន្លំ។ បើរកឃើញថាមានទោសពួកគេអាចជាប់ពន្ធនាគារ រហូតដល់៣ឆ្នាំហើយត្រូវពិន័យជាប្រាក់តាមទោស៕
ប្រែសម្រួល: ហួនឌីណា
ប្រភព៖ ThreeMalaysiansextraditedtoSingaporeover’fakefriend’scams

ads banner