អភិបាលខេត្តបាត់ដំបង បានស្នើឲ្យទូតកាណាដា ជួយកៀរគរជំរុញឲ្យអ្នកជំនួញ និងក្រុមហ៊ុនរបស់កាណាដាមកវិនិយោគតម្លើងរោងចក្រកែច្នៃផលិតផលកសិកម្ម

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ បានជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរាជទូត នៃប្រទេសកាណាដា (ប្រចាំ៣ប្រទេស)រួមមាន៖ព្រះរាជាណាចក្រកម្ពុជា ថៃ និងប្រទេសឡាវ ។ ក្នុងជំនួបនេះដែរផ្តោតនូវកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយប្រទេសកាណាដា និងដើម្បីជម្រុញដល់ការទាក់ទាញអ្នកវិនិយោគទុនរបស់កាណាដាឲ្យមកវិនិយោគនៅក្នុងខេត្តបាត់ដំបង ជាពិសេសផ្តោតលើការតម្លើងរោងចក្រ ដើម្បីធ្វើការកែច្នៃនូវផលិតផល ភោគផលដំណាំកសិ-ឧស្សាហកម្ម ដែលមានក្នុងខេត្ត សម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ។

លោកជំទាវបណ្ឌិត Sarah Taylor បានគូសបញ្ជាក់ពីដំណើរបេសកកម្មរបស់ខ្លួននៅខេត្តបាត់ដំបង ដើម្បីបានស្វែងយល់អំពីវឌ្ឍនភាពរីកចម្រើនរបស់ខេត្ត ជាពិសេសផ្តោតលើវិស័យនិងគម្រោងសំខាន់ៗមួយចំនួនដែលប្រទេសកាណាដាបានជួយដល់កម្ពុជា ដូចជា ៖ គម្រោងបោសសម្អាតមីន ជាដើម ហើយក្នុងនោះក៏មាននៅខេត្តបាត់ដំបងផងដែរ។

លោកជំទាវ បន្តថា ៖ ក្រៅពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ក្នុងនោះក៏មានក្រុមហ៊ុនធំៗនិងអ្នកវិនិយោគកាណាដា ជាច្រើនផងដែរ ដែលបានមករកស៊ី នៅកម្ពុជា។ ក្រៅពីផ្តោតលើកិច្ចសហប្រតិបត្តិការចំណងការទូត ក្នុងនោះលោកជំទាវបណ្ឌិតSarahTaylor ក៏ចង់ស្វែងយល់អំពីកិច្ចដំណើរការនិងការប្រព្រឹត្តទៅសម្រាប់ក្នុងការត្រៀមរៀបចំនូវការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ របស់ប្រទេសកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ នៅថ្នាក់ពេលខាងមុខនេះ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានស្នើសុំឲ្យលោកជំទាវបណ្ឌិតទូតកាណាដាប្រចាំកម្ពុជា ជួយជំរុញអ្នកវិនិយោគនិងបណ្តាក្រុមហ៊ុននានារបស់កាណាដាឲ្យចូលមកវិយោគនិងតម្លើងរោងចក្រកែច្នៃផលិតផលកសិកម្មនិងពិនិត្យលទ្ធភាពបន្ថែមលើសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តដែលមាន ដូចជា៖វិស័យទេសចរណ៍ជាដើម ដើម្បីធ្វើយ៉ាងណាជួយកៀរគរដល់អ្នកវិនិយោគនិងក្រុមហ៊ុនឲ្យចូលមករកស៊ីក្នុងខេត្តដើម្បីជម្រុញឲ្យខេត្តបាត់ដំបងដែលជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ ឆ្លើយតបបានទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការជំរុញឲ្យខេត្តនេះក្លាយជារបៀងក្នុងការផលិតនាំចេញស្រូវអង្ករ និងផ្នែកផលវារីវប្បកម្ម ដោយមិនពឹងផ្អែកតែទៅលើផលនេសាទធម្មជាតិនោះទេ ដើម្បីធានាការនាំចេញទៅកាន់ទីផ្សារនានាក្នុងតំបន់និងពិភពលោកនៅពេលខាងមុខ ៕

អ៊ុក សំអាន បប

ads banner