សម្ដេចតេជោ ហ៊ុន សែន បញ្ជាមិនឲ្យមានការលក់សំបុត្រ ចូលទស្សនាក្នុងពិធីបើក-បិទព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និង ការចូលទស្សនា ការប្រកួតកីឡាផ្សេងៗទៀត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបញ្ជាមិនឱ្យមានការលក់សំបុត្រចូលទស្សនាក្នុងពិធីបើក និងពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើឡើងនៅខែឧសភា ខាងមុខនេះ ។ សម្ដេចតេជោ បានបញ្ជាក់ដូច្នេះតាមរយៈសារសម្លេងពិសេសផ្ញើជូនបងប្អូនជនរួមជាតិនារសៀលថ្ងៃទី៣០ មីនា ឆ្នាំ២០២៣ និងបន្ទាប់ពីទទួលបានទទួលព័ត៌មាន តាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ទាក់ទងទៅនឹងការផ្សព្វផ្សាយពីការលក់សំបុត្រ ចូលក្នុងពិធីបើក និងពិធីបិទ កីឡាស៊ីហ្គេម ។

សម្ដេច បានបន្តថា យើងបានចំណាយប្រាក់ទាំងមូលដ្ឋាន សម្ភារៈ បច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិន សម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងបានចំណាយនៅធនធានជាច្រើន ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធដទៃទៀតរាប់រយលានដុល្លារ និងចំណាយជាច្រើនឆ្នាំ ទម្រាំកើតចេញជារូបរាង នៃការប្រកួតកីឡាស៊ីហ្គេម ។

សម្ដេច ក៏បានប្រកាសមិនយល់ព្រមដាច់ខាត ឱ្យមានការលក់សំបុត្រ ទាំងពេលបើក និងពេលបិទ និងការប្រកួតកីឡាផ្សេងៗទៀត នៅក្នុងរយៈពេលស៊ីហ្គេម ។ សម្ដេចថា តើអ្នកដែលឮថា មានការផ្សព្វផ្សាយតាមវេបសាយ នៃខាងផ្នែកកីឡា ដែលមិនមានការអនុញ្ញាតណាមួយពីសម្ដេចពិជ័យសេនា ទៀ បាញ់ ហើយក៏កាន់តែគ្មានការអនុញ្ញាតពីសម្ដេចផ្ទាល់ ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចេញបទបញ្ជា៖ ទី១-មិនឱ្យមានការលក់សំបុត្រទាំងការចូលពិធីបើក និងពិធីបិទ, ទី២-ឱ្យបងប្អូនចូលទស្សនាដោយសេរី ដោយគ្មានការបង់ប្រាក់ និងទី៣-ចំពោះការចូលទស្សនាការប្រកួតលើវិញ្ញាសានានា ក៏មិនត្រូវបានបង់ថ្លៃណាមួយដែរ។ ក្រុមណា ផ្នែកណា ដែលអនុវត្តខុសពីនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ឬចំពោះមុខច្បាប់ទៀតផង ។

សម្ដេចបន្ថែមថា យើងបានធ្វើកិច្ចការច្រើនហើយ សូមអ្នកទាំងអស់គ្នា យកចិត្តទុកដាក់ ។ ធ្វើបុណ្យ ១០០សំពៅ ទោសមួយចូលទៅ គឺបាត់ទាំងអស់ ។ សូមចាំនូវពាក្យនេះ។ យើងចាយលុយរាប់រយលានដុល្លារ តែយើងប្រមូលលុយតាមរយៈនៃការលក់សំបុត្រឱ្យជនជាតិឯង ដែលត្រូវចូលទស្សនានេះរបៀបម៉េចទៅ តើបានប៉ុន្មានទៅ?

សម្ដេចបន្តទៀតថា មិននឹកស្មានថា មន្ត្រីមួយចំនួន ខ្វះការគិតគូរយកចិត្តទុកដាក់លើបញ្ហានេះ ដែលនេះ គឺជាការស្ដីបន្ទោសលើកដំបូងរបស់សម្ដេច តាំងពីការចាប់ផ្ដើមរៀបចំស៊ីហ្គេម ប៉ុន្តែនេះ មិនមែនជាកំហុសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ នោះឡើយ ដែលសម្ដេច និងខិតខំរកថា តើអ្នកណាទទួលខុសត្រូវលើបញ្ហានៃការផ្សព្វផ្សាយការលក់សំបុត្រ ទាំងពិធីបើក និងពិធីបិទ ។ នេះមិនមែនជាបញ្ហាលេងសើចនោះឡើយ តែគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ចំពោះមុខប្រជាជនរបស់ខ្លួន ដែលយើងរង់ចាំរយៈពេល ៤៤ឆ្នាំ និងចំណាយធនធានអស់យ៉ាងច្រើន ទាំងពេលវេលានិងថវិកា ដើម្បីបង្កើតចេញជារូបរាងនៅការប្រកួតកីឡាដ៏អស្ចារ្យមួយនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា គ្មានការបង់ប្រាក់ណាមួយ ត្រូវធ្វើសម្រាប់អ្នកចូលទៅក្នុងពិធីបើក និងពិធីបិទ និងចូលទៅទស្សនាគ្រប់វិញ្ញាសានៃការប្រកួត ។ មិនអនុញ្ញាតឱ្យមានអ្នកលក់សំបុត្រនោះឡើយ។ ប្រជាជនមិនត្រូវការបង់ថ្លៃទេ។ ក្នុងករណីដែលមានការទាមទារណាមួយ សូមប្រើ Facebook បញ្ជូនព័ត៌មានឱ្យឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីយើងរកឃើញនូវជនអាក្រក់ ដែលបង្កប់ខ្លួននៅក្រោមរូបភាព នៃការរៀបចំប្រកួតកីឡាស៊ីហ្គេម ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណ:កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕ ដោយ វណ្ណលុក

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner