សមាគមបុគ្គលិកពន្ធដារកម្ពុជាឧបត្ថម្ភសាច់ប្រាក់ជាង ៥០០លានរៀល ដើម្បីជួយទ្រទ្រង់ដល់បងប្អូននិវត្តជន

ភ្នំពេញ ៖ ឯកឧត្តម រ័ត្ន មុនី អនុប្រធានសមាគមបុគ្គលិកពន្ធដារកម្ពុជា បានបញ្ជាក់ថា សមាគមបុគ្គលិកពន្ធដារកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការកាលពីមហាសន្និបាតលើកទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ដែលមានគោលបំណងចូលរួមយ៉ាងសកម្មក្នុងការរំលែកនូវទុក្ខលំបាក ក៏ដូចជាបំពេញនូវតម្រូវការចាំបាច់ តាមរយៈការឧបត្ថម្ភជាថវិកា និងការសួរសុខទុក្ខជាប្រចាំចំពោះសមាជិកទាំងអស់នៃសមាគមដែលទូទៅជាមន្ត្រីរាជការពន្ធដារដែលកំពុងបំពេញការងារ និងមន្ត្រីរាជការពន្ធដារដែលបានចូលនិវត្តន៍ សរុបចំនួន ៣ ៥១៨នាក់ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២)។

ក្នុងពិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយនិវត្តជន អតីតមន្រ្តីរាជការពន្ធដារ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ជាប ដាវុធ ប្រធានសមាគមបុគ្គលិកពន្ធដារកម្ពុជា និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិរហូតមកដល់បច្ចុប្បន្ន ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ សមាគមបុគ្គលិកពន្ធដារ កម្ពុជា បន្តដើរតួនាទីកាន់តែសំខាន់ក្នុងការគាំទ្រ និងយកចិត្តទុកដាក់ចំពោះសមាជិករបស់ខ្លួន ជាពិសេសនិវត្តជនអតីតមន្រ្តីរាជការពន្ធដារ ដូចដែលបានរៀបចំក្នុងពិធីនេះស្រាប់។

ជាក់ស្តែងក្នុងឆ្នាំ ២០២២ សមាគមបានឧបត្ថម្ភជូនសមាជិកសមាគម នូវទឹកប្រាក់សរុបជាង ៣០២លានរៀល និង ២១ ៥៥៩ ដុល្លារ ក្នុងនោះសមាគមបានឧបត្ថម្ភចំពោះសមាជិកទទួលមរណភាពក្នុងឆ្នាំ២០២២ មានទឹកប្រាក់ ជាង ១៣៨លានរៀល, សមាជិកជាស្ត្រីលំហែមាតុភាព ជាង ២៦ លានរៀល, សមាជិកដែលមានជំងឺផ្សេងៗជាង ៩៥ លានរៀល, និង ចំណាយឧបត្ថម្ភ និងចំណាយផ្សេងៗទៀត សរុបជាទឹកប្រាក់ចំនួនជាង ៤២ លានរៀល និង ២១ ៥៥៩ ដុល្លារ ។

ដោយឡែកនៅដើមឆ្នាំ ២០២៣នេះ សមាគមបុគ្គលិកពន្ធដារកម្ពុជា បានឧបត្ថម្ភថវិកាជូននិវត្តជននៅតាមបណ្តាខេត្តប្រមាណ ៤៤៨ នាក់ និងនិវត្តជននៅរាជធានីភ្នំពេញ ចំនួន ២៦៧ នាក់ បានឧបត្ថម្ភជូនក្នុងម្នាក់ចំនួន ៧០ ម៉ឺនរៀល សរុបទឹកប្រាក់ជាង ៥០០លានរៀល ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរបស់នៅរបស់បងប្អូននិវត្តជន ។ ថវិកាដែលផ្តល់ជូននាពេលនេះ គឺជាថវិកាដែលបានប្រឹងប្រែងសន្សំទាំងអស់គ្នានាពេលកន្លងមក ហើយជាពិសេសក៏មានការឧបត្ថម្ភគាំទ្រពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនេះសឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹក នាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារអំពីសុខទុក្ខរបស់និវត្តជនគ្រប់រូប។

ចំណែកទិសដៅការងារបន្ត ឯកឧត្តម ជាប ដាវុធ ស្នើឱ្យសមាជិក-សមាជិកា នៃសមាគមបុគ្គលិកពន្ធដារកម្ពុជាទាំងអស់ បន្តផ្សព្វផ្សាយ និងសម្របសម្រួលឱ្យមន្ត្រីរាជការពន្ធដារដទៃទៀត ដែលពុំទាន់បានដាក់ពាក្យស្នើសុំចូលជាសមាជិកសមាគម រួសរាន់មក ដាក់ពាក្យចូលជាសមាជិកនៃសមាគមទាំងអស់គ្នា និងព្យាយាមបង់វិភាគទានឱ្យបានទាន់ពេលវេលា ដើម្បីទ្រទ្រង់ដល់ការងារដ៏មានសារៈ សំខាន់របស់សមាគម ដើម្បីបន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាជិកសមាគមចូលនិវត្តន៍ចាស់ជរា និងខ្វះខាតជីវភាពឱ្យបានទាន់ពេល វេលា, បន្តពង្រឹងការគ្រប់គ្រងចំណូលវិភាគទានឱ្យមានតម្លាភាព និងប្រសិទ្ធភាព, និងបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យបញ្ជីឈ្មោះសមាជិក សមាគមតាមក្របខ័ណ្ឌជាក់លាក់ឱ្យបានទាន់ពេលវេលានិងច្បាស់លាស់ ៕ ប្រភព ៖ ក្រសួងសេដ្ឋកិច្ច

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner