រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួបពិភាក្សាជាមួយដៃគូពាក់ព័ន្ធជុំវិញការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ឌិត ទីណា កាលពីថ្ងៃទី ៣០ខែមីនា បានទទួលជួបជាមួយគណ:ប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក និងសហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីពិភាក្សាអំពីការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប​ខាងមុខ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងជំនួបនោះឯកឧត្តម ឌិត ទីណា បានណែនាំដៃគូពាក់ព័ន្ធឱ្យមានការរៀបចំសន្និសីទកាសែត ដោយមានសមាសភាពពីស្ថាប័នពាក់ព័ន្ធខ្សែច្រវាក់តម្លៃតាំងពីអ្នកផលិត កែច្នៃ និងទីផ្សារ ក្នុងគោលដៅជជែក ស្វែងរកយោបល់​ និងដំណោះស្រាយរួមចំពោះកសិផលស្វាយចន្ទី ជំរុញការប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនិងសក្តានុពលភាព កាត់បន្ថយការចំណាយ ហើយប្រាស្រ័យគិតគូរលើបរិស្ថានផង។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ជូនភ្ញៀវថា ក្រសួងបើកទូលាយសម្រាប់ការវិនិ​យោគ និងសហការ​ល្អជាមួយគ្នាដោយត្រូវកៀរគរនិងជំរុញអ្នកវិនិយោគបរទេសមកធ្វើការវិនិយោគស្វាយចន្ទីនៅកម្ពុជា ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីកែច្នៃ និងទទួលបាននូវតម្លៃបន្ថែម។

រដ្ឋមន្ត្រីកសិកម្មវ័យក្មេងដែលទើបឡើងកាន់ដំណែងនៅចុងឆ្នាំ២០២២​ បន្ថែមថា ការងារទាំងនេះ នឹងអាចមានលទ្ធភាពចូលរួមចំណែក សម្រេចចក្ខុវិស័យរដ្ឋាភិបាលក្នុងគោលដៅពង្រីកការនាំចេញកសិផលស្វាយចន្ទីកម្ពុជាទៅក្នុងទីផ្សារពិភពលោក ក្នុងមហិច្ឆតាប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទី ស្របតាមគោលនយោបាយជាតិស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងសន្និបាតបូកសរុបការងារកសិកម្ម។

គួរបញ្ជាក់ថា ស​ន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ គ្រោងរៀបចំធ្វើឡើងនៅប្រទេសកម្ពុជា ក្នុងទឹកដីខេត្តសៀមរាប ដែលនឹងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើននៃបណ្តាប្រទេសសំខាន់ៗចំនួនទី៤០ ទៅ៥០ប្រទេស ដែលជាប្រទេសដាំដុះស្វាយចន្ទី ក្រុមហ៊ុនកែច្នៃ ក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃ ក្រុមហ៊ុនទិញផលិតផលស្វាយចន្ទី ក្រុមហ៊ុនវិយោគទុន និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។

នៅថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៣ គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក និងសហព័ទ្ធស្វាយចន្ទី ក៏បានចូលជួបពិភាក្សាការងារជាមួយក្រសួងបរិស្ថានផងដែរ ដែលមានការអនុញ្ញាតដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

តាមប្រភពពីសហព័ន្ធស្វាយចន្ទីកម្ពុជាក្នុងជំនួបជាមួយក្រសួងបរិស្ថាន គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោកបានកោតសរសើរកម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីមានគុណភាពល្អដាច់គេបានជាងមួយលានតោនក្នុងមួយឆ្នាំ។គណៈប្រតិភូសង្ឃឹមយ៉ាងមុតមាំថា សន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ ក្នុងខេត្តសៀមរាបខាងមុខ នឹងចួលរួមចំណែកផ្សព្វផ្សាយពីសក្តានុពលរបស់ស្វាយចន្ទីកម្ពុជានេះ ក៏ដូចជាគាំទ្រដល់គោលនយោបាយជាតិស្វាយចន្ទីរបស់រដ្ឋាភិបាលកម្ពុជាផង។

ប្រភពដដែលបន្តថា លើសពីចំណីអាហារដែរជួយសុខភាពរបស់មនុស្ស ផលិតផលស្វាយចន្ទីអាចយកទៅកែច្នៃក្នុងគោលបំណងផ្សេងៗរួមមាន សាច់ផ្លែស្វាយចន្ទីជាអេតាណុល សម្បកស្វាយចន្ទីចម្រាញ់ជាប្រេង ឬជីវឥន្ធនៈ កម្ទេចសម្បកដែលបានចម្រាញ់រួចជាប្រភពចំហេះយ៉ាងល្អក្នុងឧសហ្សាហកម្ម និងជាពិសេសជាងនេះទៅទៀតនោះ ដំណាំ និងផលិតផលស្វាយចន្ទីផ្តល់ឥណទានកាបូនខ្ពស់សម្រាប់ជួយចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុបានយ៉ាងខ្លាំងផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា សន្និសីទស្វាយច​ន្ទីពិភពលោក(WCC) នេះ មានសារៈសំខាន់ណាស់ ក្នុងការពាំនាំស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារពិភពលោកប​ន្ថែម និងបង្ហាញពីសក្តានុពលស្វាយចន្ទីកម្ពុជាប្រាប់ពិភពលោក ដោយកាលពីឆ្នាំ២០២១​ ស្វាយចន្ទីកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក។

លោកគូសបញ្ជាក់ថា សន្និសីទស្វាយចន្ទីនេះពិតជាមានភាពចាំបាច់សម្រាប់កម្ពុជា ហើយការធ្វើសន្និសីទនៅកម្ពុជាគឺកាន់តែវិសេសវិសាលទៅទៀត ដែលអាចទាក់ទាញវិនិយោគិនកាន់តែច្រើនសម្លឹងមកកាន់ស្វាយចន្ទីកម្ពុជា និងអត្ថប្រយោជន៍ផ្នែកទេសចរណ៍។

គិតត្រឹមរយៈ​ពេលពីរខែដើមឆ្នាំ២០២៣ នេះ កម្ពុជាបានចាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ១១៤ ១៩៣,៩៣តោន ទៅកាន់ប្រទេសចំនួនបួនគឺប្រទេសវៀតណាម ជប៉ុន ថៃ និងកូរ៉េខាងត្បូងជាដើម៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner