ស្នងការនគរបាលរាជធានីភ្នំពេញ ណែរនាំដល់នគរបាលចរាចរណ៍ យកចិត្តទុកដាក់ខ្ពស់ អប់រំដល់មន្ត្រីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់កាយវិការ និងពាក្យសំដីសមរម្យជាមួយប្រជាពលរដ្ឋ

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំដល់ កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រជុំពិភាក្សាគ្នាជាប្រចាំ ដើម្បីដាក់ចេញូនូវផែនការ ក្នុងការបង្ការ ទប់ស្កាត់ទប់ល្មើស ស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែលប្រព្រឹត្តបទល្មើស ស្រាវជ្រាវមុខសញ្ញាដោយអនុវត្តតាមដីការ ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង និងមុខសញ្ញាពាក់ព័ន្ធដែលនៅសេសសល់មួយចំនួនទៀត ។

ក្រៅពីនេះ លោកស្នងការ បានសង្កត់ធ្ងន់ដល់លោកស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក ឱ្យយកចិត្តទុកដាក់ខ្ពស់លើការណែនាំអប់រំដល់មន្ត្រីអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវ ដោយប្រើប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ។

ជាមួយនោះដែរ លោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវបង្ក្រាបឲ្យបាននូវមុខសញ្ញាជួញដូរ ទីតាំងលួចលាក់ ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់គ្រប់ប្រភេទ ជាពិសេសណែនាំដាច់ខាត ដល់មន្ត្រីទាំងអស់ហាមពាក់ព័ន្ធក្នុងការប្រើប្រាស់សារធាតុញៀន បើមិនដូច្នោះទេ គឺត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ ជាពិសេសអាចត្រូវសុំគោលការណ៍ដើម្បីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។

លោកស្នងការ ក៏បានបន្តជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋឲ្យបានល្អឆាប់រហ័ស។

ទន្ទឹមនេះ លោកស្នងការ បានជំរុញឱ្យកម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង ប្រចាំបញ្ជា ត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយម៉ូតូ និងរថយន្ត ដើម្បីត្រៀមចេញដោះស្រាយ ជួយសង្គ្រោះ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវត្រៀមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នាពេលខាងមុខ ៕

ដោយ ភារ៉ា និង ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner