សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងទទួលគោរមងារ ជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង “បណ្ឌិតកិត្តិយសផ្នែកមនុស្សជាតិ” ពីសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាង

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីទទួលគោរមងារជូន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ កម្ពុជា ជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” និង “បណ្ឌិតកិត្តិយសផ្នែកមនុស្សជាតិ” ដោយសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាង នាពេលខាងមុខនេះ ។

ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានជម្រាបជូនថា អង្គការពុទ្ធសាសនិកពិភពលោក បានស្នើប្រគល់ជូន សម្ដេចតេជោ ហ៊ុន សែន នូវគោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” ព្រមទាំងឯកភាពសំណើររបស់អង្គការពុទ្ធសាសនិកពិភពលោក (The WFB) ផ្ដល់ជូន ឯកឧត្តម ហ៊ុន ម៉ាណែត ជាទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក ហើយនឹងប្រារព្ធរៀបចំពិធីប្រគល់-ទទួលគោរមងារនេះ នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រ នៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់ និងព្រះពុទ្ធសាសនា ។

ដើម្បីរៀបចំប្រារព្ធពិធីដ៏ថ្លៃថ្លានេះឲ្យប្រព្រឹត្តទៅយ៉ាងអធិកអធម និងវិសេសវិសាលនោះ ឯកឧត្តម ឈិន កេតនា បានផ្លាស់ប្ដូរយោបល់ពិភាក្សាគ្នាក្នុងអង្គប្រជុំដោយសម្រេចឯកភាពជាគោលការណ៍ និងបានកំណត់បែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី សំដៅធ្វើយ៉ាងណាឲ្យការអនុវត្តទទួលបានជោគជ័យនិងល្អប្រសើរបំផុត ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner