គ.ជ.ប បានបញ្ចប់ជាស្ថាពរនូវការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ
ភ្នំពេញ ៖ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី៖ -ការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
-ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
-ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាន៍ថាការរៀបចំកិច្ចប្រជុំជាមួយ ភាគីពាក់ព័ន្ធ ក្នុងគោលបំណងប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ «ការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣» ខាងមុខនេះ។
យោងតាមច្បាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្ដង តាមរយៈការបោះឆ្នោតជាសកល។ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវ កំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៦ ស.ស.រ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ផ្តើមចេញពីមូលដ្ឋានទាំងនេះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការម ប្រតិទិនការងារ និងបានធ្វើបច្ចុប្បន្នភាពលើបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្ត ផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យ។
ឯកឧត្តម ប្រធាន គ.ជ.ប បានបញ្ជាក់ទៀតថាការរៀបចំបញជីបោះឆ្នោត គ.ជ.ប បានបញ្ចប់ជាស្ថាពរនូវការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយ គ.ជ.ប បានផ្តល់សុពលភាពជាបញ្ជី បោះឆ្នោតផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ។
ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន សរុប ៩.៧១០.៦៥៥នាក់ ស្មើនឹង ៨៩,២៨% នៃស្ថិតិបានស្មានប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំ ឡើងទៅគិតដល់ថ្ងៃបោះឆ្នោត ក្នុងនោះស្រ្តីមានចំនួន ៥.១៦១.៩០៩នាក់ និងមានការិយាល័យ បោះឆ្នោតសរុបចំនួន២៣.៧៨៩ការិយាល័យ ៕
ដោយ-រ៉ាវុធ