ភូមិបេតិកភណ្ឌវប្បធម៌ កំពុងលេចរូបរាងជាបណ្តើរៗ និងត្រៀម បង្ហាញ បេតិកភណ្ឌរូបី និងអរូបីជាច្រើនទម្រង់ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

អត្ថបទដោយ៖
CPA

សៀមរាប៖មានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណ មុខប្រាសាទអង្គរវត្ត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងមមាញឹក រៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីត្រៀមបង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នូវបេតិកភណ្ឌរូបី និងអរូបី ជាច្រើនទម្រង់របស់កម្ពុជា ។ទីនោះត្រូវបានគេដាក់ឈ្មោះថា “ភូមិបេតិកភណ្ឌវប្បធម៌”។

“ភូមិបេតិកភណ្ឌវប្បធម៌” ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃ ព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ សាធារណជន ភ្ញៀវទេសចរជាតិ និង អន្តរជាតិ នឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបេតិកភណ្ឌរូបី ដូចជា បច្ចេកទេស រំលីងថ្ម ការរំកិលថ្ម ការងារជួសជុលថ្ម និង បច្ចេកទេសជួសជុល ប្រាសាទឥដ្ឋ។ រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពីរបៀបចារសាស្ត្រា ស្លឹករឹត។

ក្រៅពីនោះក៏មានការបង្ហាញសិល្បៈស្មូនភាជន៍ ការដាប់ស្បែក ការផ្តិត សិលាចារិក ឬប្រថាប់រូប ការប្រគំតន្ត្រីរបស់អ្នកភូមិត្បែង ការលេង ល្បែង ប្រជាប្រិយខ្មែរ រួមទាំងការតាំងបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំ របស់ អាជ្ញាធរជាតិអប្សរានៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយ ចីរភាព នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប១០ឆ្នាំ ក្រោមប្រធានបទ “ក្ដីស្រមៃ និងសង្ឃឹម” ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងស្វែងយល់ឱ្យបានច្រើនកុះករ៕ ដោយ ៖ស៊ាន សុផាត

ads banner