រដ្ឋមន្ត្រីការបរទេសបារាំង សង្ឃឹមថាស៊ុយអែត និង ហ្វាំងឡង់អាចចូលជា សមាជិកអង្គការណាតូ ក្នុងពេលឆាប់ៗ
ប៉ារីស៖ អ្នកការទូតជាន់ខ្ពស់មួយរូបរបស់បារាំង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញក្តីសង្ឃឹមថា ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត (Sweden) និងហ្វាំងឡង់ ( Finland) នឹងត្រូវបានផ្តល់សច្ចាប័នយ៉ាងឆាប់នាពេលខាងមុខ ខណៈ ដែល សភាតួកគីត្រូ វបានគេរំពឹងថានឹងធ្វើការបោះឆ្នោតក្នុងពេលឆាប់ៗនេះផងដែរ ដើម្បីសម្រេចថាតើហ្វាំងឡង់គួរតែចូលជាសមាជិករបស់សម្ព័ន្ធភាពណាតូដែលមានសមាជិក ៣០ ប្រទេសស្រាប់ហើយដែរឬក៏យ៉ាងណា។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោកស្រី Catherine Colonna នេះគឺសំដៅទៅលើកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងធ្វើឡើងនាពេលខាងមុខ នៅរដ្ឋធានីរបស់ប្រទេសលីទុយអានី (Lithuanian) ក្នុងខែកក្កដា។ លោកស្រីបានបន្ថែមថា «យើងសង្ឃឹមថាកិច្ចប្រជុំកំពូលនេះនឹងទទួលបានជោគជ័យ ហើយនឹងមានប្រទេសចំនួន ៣២ នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវីលនីញូស (Vilnius) ប្រទេសលីទុយអានី»។
លោកស្រីបានថ្លែងឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ពាក្យស្នើសុំរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ គួរតែត្រូវបានផ្តល់សច្ចាប័នឱ្យបានឆាប់រហ័ស»។ គួរដឹងដែរថា ទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូតាំងតែពីខែឧសភា ឆ្នាំ២០២២ ដោយបានបោះបង់គោលការណ៍មិនចូលបក្សសម្ព័ន្ធរបស់ខ្លួនអស់ជាច្រើនទស្សវត្សរ៍មកនេះ បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន។ យ៉ាងណាក៏ដោយ អង្គការណាតូជាគោលការណ៍គឺត្រូវទាមទារឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិករបស់ខ្លួនទាំងអស់ ក្នុងការទទួលយកប្រទេសសមាជិកថ្មី។
កាល ពី ថ្ងៃ ចន្ទ ក្រុមសមាជិក សភា ហុងគ្រី បាន ផ្តល់ សច្ចាប័ន លើ សំណើ របស់ប្រទេស ហ្វាំងឡង់ ឱ្យ ចូល ជា សមាជិកអង្គការ ណាតូ។ យ៉ាងណាមិញ ការយល់ព្រមឱ្យប្រទេសស៊ុយអែតចូលជាសមាជិកដែរ បានជាប់គាំង ដោយសារតែមានការប្រឆាំងពីប្រទេសតួកគី និងហុងគ្រី។
រដ្ឋាភិបាលតួកគីបានចោទប្រកាន់ប្រទេសស៊ុយអែតថា ជាប្រទេសទន់ជ្រាយចំពោះចំណាត់ការលើក្រុមដែលតួកគីចាត់ទុកថាជាអង្គការភេរវកម្ម។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា (Ankara) ប្រទេសតួកគី ត្រូវការការធានាបន្ថែមទៀត មុនពេលដែលខ្លួននឹងសម្រេចផ្តល់សច្ចាប័នចុងក្រោយគេ។
សមាជិកមកពីគណបក្សកាន់អំណាចរបស់ប្រទេសហុងគ្រី បានរំលេចថា ពួកគេនឹងរង់ចាំមើលរដ្ឋាភិបាលក្នុងទីក្រុងស្តុកខុល (Stockholm) ប្រទេសស៊ុយអែត លុបបំបាត់ការខ្វែងគំនិតគ្នា មុនពេលបោះឆ្នោតនៅក្នុងសភាឈានមកដល់។ រដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែស (Budapest) ប្រទេសហុងគ្រី បានចោទប្រកាន់ថា អ្នកនយោបាយស៊ុយអែតមួយចំនួនបានធ្វើសេចក្តីថ្លែងការណ៍ចំអកអំពីស្ថានភាពនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសហុងគ្រី ដែលធ្វើឱ្យមូលនិធិរាប់ពាន់លានដុល្លារនៅក្នុងសហភាពអឺរ៉ុប ត្រូវបានបង្កកដោយសារការចោទប្រកាន់ថា មានការរំលោភច្បាប់ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសតួកគី។
យោងតាម ទីភ្នាក់ងារ ព័ត៌មាន ស៊ុយអែតបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែតលោក Tobias Billström បានមានប្រសាសន៍ថា «យើងមើលមិនឃើញហេតុផលចាំបាច់អ្វីនោះទេថា ហេតុអ្វីបានជាយើងមិនគួរត្រូវបានផ្តល់សច្ចាប័ន។ ហេតុផល ទាំង នោះ មិនជាប់ ពាក់ព័ន្ធ នឹងពាក្យស្នើសុំចូលអង្គការ ណាតូ របស់ប្រទេសស៊ុយអែត នោះទេ។ វា មានភាព ខុស គ្នា ទាំង ស្រុងពីទស្សន ដែល សហភាព អឺរ៉ុប មាន ចំពោះ ប្រទេស ហុងគ្រី»។
គួរបញ្ជាក់ថា លោកស្រី Colonna កំពុងស្ថិតនៅក្នុងទីក្រុងវីលនីញូស ដើម្បីចូលជួបជាមួយរដ្ឋមន្ត្រីការបរទេសលីទុយអានីលោក Gabrielius Landsbergis ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូនាពេលខាងមុខនៅទីក្រុងវីលនីញូស នៅថ្ងៃទី១១ និង១២ ខែកក្កដា។ លោកស្រីក៏គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីលីទុយអានីលោកស្រី Ingrida Simonyte និងទៅទស្សនកិច្ចកងទ័ពបារាំងដែលកំពុងដាក់ពង្រាយនៅក្នុងបណ្ដាប្រទេសនៅតំបន់បាល់ទិក (Baltic) ដែលជាផ្នែកមួយនៃបេសកកម្មប៉ូលិសដែនអាកាសរបស់អង្គការណាតូ៕
ប្រែសម្រួល:ធា សុណា