ប្រេសិតពិសេសរុស្ស៊ី អះអាងថា មិនមានអ្នកឈ្នះក្នុងសង្គ្រាមនុយក្លេអ៊ែរទេ
មូស្គូ៖ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា ប្រទេសរុស្ស៊ីសូមអះអាងថា មិនអាចមានអ្នកឈ្នះក្នុងសង្គ្រាមនុយក្លេអ៊ែរនោះទេ។
តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយនៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីប្រទេសរុស្ស៊ីដែលដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅក្នុងប្រទេសបេឡារុសថា បាទ យើងសូមបញ្ជាក់ថា មិនអាចមានអ្នកឈ្នះនៅក្នុងសង្គ្រាមនុយក្លេអ៊ែរទេ។
លោក Nebenzya បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅលើទឹកដីប្រទេសបេឡារុស គឺជាវិធានការមួយ ដែលមិនផ្ទុយនឹងសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ NPT នោះទេ។ លោកថា នៅក្នុងវេនរបស់យើងជាប្រធាន UNSC យើងកំពុងកសាងអន្តរកម្មជាមួយបេឡារុស ដោយមិនបំពានលើកាតព្វកិច្ចអន្តរជាតិរបស់យើង ជុំវិញការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។
សូមរម្លឹកថា នៅថ្ងៃទី២៥ ខែមីនាកន្លងទៅ លោក ពូទីន បានប្រកាសថា តបតាមសំណើរបស់ទីក្រុងមីនស្កិ៍ រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់ខ្លួននៅក្នុងប្រទេសបេឡារុស តាមវិធីដែលសហរដ្ឋអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន។ ទីក្រុងមូស្គូបានប្រគល់ប្រព័ន្ធមីស៊ីល Iskander ដែលមានសមត្ថភាពប្រើប្រាស់នុយក្លេអ៊ែរដល់ទីក្រុងមីនស្កិ៍ រួចហើយ។ បើតាមមេដឹកនាំរុស្ស៊ីរូបនេះ ការសាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរតាក់ទិកនៅលើទឹកដីបេឡារុសនឹងត្រូវបញ្ចប់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា


