លោក បៃដិន ៖ សហរដ្ឋអាមេរិកមិនទាន់មានគម្រោងបណ្តេញអ្នកការទូតរុស្ស៊ី ជាការឆ្លើយតបទៅនឹងការចាប់ខ្លួនអ្នកកាសែតអាមេរិកនោះទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា រដ្ឋបាលរបស់លោកមិនទាន់មានគម្រោងបណ្ដេញអ្នកការទូតរុស្ស៊ីណាម្នាក់នៅសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបនឹងការចាប់ខ្លួនលោក Evan Gershkovich អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត The Wall Street Journal នោះទេ។

នៅពេលអ្នកកាសែតសាកសួរថាតើទីក្រុងវ៉ាស៊ីនតោននឹងបណ្តេញអ្នកការទូតរុស្ស៊ី ជុំវិញការឃុំខ្លួនអ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកលោក Gershkovich ដែរឬទេ? លោក បៃដិន បាននិយាយថា “នោះមិនមែនជាផែនការទេ”។ ដោយឡែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា អ្នកកាសែតអាមេរិករូបនេះ ត្រូវបាន “ចាប់ខ្លួនទាំងបាតដៃក្រហម”។

ក្នុងន័យនេះ កាសែត Wall Street Journal បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់លោក Gershkovich។
បើតាមសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី អ្នកកាសែតអាមេរិក Evan Gershkovich បានធ្វើតាមការបញ្ជារបស់ភាគីអាមេរិក ក្នុងការប្រមូលព័ត៌មានសម្ងាត់រដ្ឋ ពាក់ព័ន្ធនឹងសកម្មភាពរបស់សហគ្រាស ក្នុងនោះរួមមានទាំងផ្នែកឧស្សាហកម្មយោធារបស់រុស្ស៊ីផងដែរ។

បច្ចុប្បន្នលោក Gershkovich ត្រូវបានឃុំខ្លួននៅតំបន់ Urals នៃទីក្រុង Yekaterinburg។ អ្នកស៊ើបអង្កេត FSB បានបើកសំណុំរឿងព្រហ្មទណ្ឌ ប្រឆាំងនឹងពលរដ្ឋអាមេរិករូបនេះ ក្រោមមាត្រាលេខ ២៧៦ នៃក្រមព្រហ្មទណ្ឌរុស្ស៊ី (ចារកម្ម)៕

ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner