សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា៤៥បន្ទប់ និងកន្លែងសម្រាប់សិស្ស និងគ្រូ ២០បន្ទប់ ដល់វិទ្យាល័យប៉ើស២ និងសាលាបឋមសិក្សាអំពិល នៅក្នុងស្រុកក្រូចឆ្មារ
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អគារសិក្សា ពីរខ្នងមាន ៤៥បន្ទប់ និងកន្លែងសម្រាប់សិស្ស និងគ្រូ ២០បន្ទប់ ដល់វិទ្យាល័យប៉ើស២ និងសាលាបឋមសិក្សាអំពិល នៅក្នុងស្រុកក្រូចឆ្មារ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូចនេះ ក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។
នៅក្នុងឱកាសនេះ និងតបតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ ដែល បង្រៀនសិស្សានុសិស្សនៅស្រុកក្រូចឆ្មារ សម្តេចតេជោ ហ៊ុន សែន បាន សម្រេចផ្តល់អគារសិក្សាមួយខ្នងបីជាន់ស្មើ៣០បន្ទប់ និង កន្លែង សម្រាប់សិស្ស និងគ្រូ ២០បន្ទប់ ដល់វិទ្យាល័យប៉ើស២ នៅស្រុកក្រូចឆ្មារ។
ជាមួយនោះដែរ សម្តេចតេជោក៏បានសម្រេចផ្តល់អគារសិក្សាមួយខ្នងកម្ពស់ ជាន់ មាន១៥បន្ទប់ ជូនសាលាបឋមសិក្សាអំពិល ដែលស្ថិតនៅក្នុង ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នេះដូចគ្នា។
សម្តេច រំពឹងថា អ្នកស្រុកក្រូចឆ្មារ នឹងបន្តបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ដើម្បីរក្សាសន្តិភាព និង ការអភិវឌ្ឍឱ្យមានការរីកចម្រើនតទៅមុខទៀត។
សម្តេចតេជោ បានមានប្រសាសន៍រំលឹកថា ឆ្នាំនេះជាខួប ៤៥ឆ្នាំ នៃ ការបង្កើតកងកម្លាំង ប្រដាប់ អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជា កម្លាំងប្រដាប់ដែលសម្តេចបង្កើតឡើង ដើម្បីតស៊ូរំដោះជាតិចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៕
ដោយ៖ វណ្ណលុក