សហព័ន្ធ E-Sport ដាក់ចេញយុទ្ធសាស្រ្តថ្មី ដើម្បីស្វែងរកក្រុមជម្រើសជាតិដែលមានសក្តានុពល ត្រៀមស៊ីហ្គេម
ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តថ្មី ដើម្បីស្វែងរកក្រុមជម្រើសជាតិដែលមានសក្តានុពល ត្រៀមព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់នាខែឧសភាខាងមុខនេះ។ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡា E-Sport បានថ្លែងបែបនេះ ក្នុងសន្និសិទ្ធសារព័ត៌មាន ស្តីពីការប្រកាសក្រុមជម្រើសជាតិកីឡាអេឡិចត្រូនិច លើវិញ្ញាសា Mobile Legends : Bang Bang នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០៣ នៅទីស្តីការក្រសួងព័ត៌មាន។
លោក លន់ សាមឌី បញ្ជាក់បន្ថែមថា ឆ្លងតាមបទពិសោធចូលរួមស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីកន្លងមក លើវិញ្ញាសា Mobile Legends : Bang Ba ng កម្ពុជាមិនទទួលបានជោគជ័យទេ ពេលនោះសហព័ន្ធយកក្រុមដែលចេញពីការប្រកួតមកធ្វើក្រុមជម្រើសជាតិតំណាងអោយកម្ពុជា ។ លោក បន្តថា ជាចក្ខុវិស័យ និងក្រោមការចង្អុលបង្ហាញពីឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធ យើងធ្វើយ៉ាងណាស្វែងរកអត្តពលិកដែលមានគុណផលខ្ពស់ យកមកបញ្ជូលគ្នាអោយក្លាយជាក្រុមជម្រើសជាតិមួយខ្លាំង គឺបង្កើត Angkor Warriors ដើម្បីប្រមូលផ្តុំកីឡាករ កីឡាការិនីដែលមានគុណផលខ្ពស់ ក្រុមមជម្រើសជាតិកម្ពុជា ត្រៀមចូលរួមប្រកួតស៊ីហ្គេម នាឆ្នាំ២០២៣ នាខែឧសភាខាងមុខនេះ តាមរយៈសហការជាក្រុមអោយខ្លាំង យល់ពីគ្នា ទំនាក់ទំនងគ្នាល្អ ទើបទទួលជោគជ័យបាន។
ដោយឡែក លោក ធី វាយ អគ្គនាយកក្រុមហ៊ុន T-Y Media បានឲ្យដឹងថា គោលដៅសំខាន់របស់ក្រុមហ៊ុន គឺចូលរួមអភិវឌ្ឍន៍ និងលើកស្ទួយវិស័យកីឡាអេឡិចត្រូនិចកម្ពុជាអោយរីកចំរើន ជាពិសេសឈានទៅដណ្តើមមេដាយមាសអោយបានពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានបង្កើតក្រុម Angkor Warriors ដោយជ្រើសរើសកីឡាករ កីឡាការិនី ប្រមូលផ្តុំអោយក្លាយជាក្រុមជម្រើសជាតិខ្លាំងមួយ ត្រៀមព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដើម្បីប្រកួតប្រជែងលើ៦វិញ្ញាសា ក្នុងនោះក្រុមជម្រើសជាតិនេះ ទទួលបានការឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា ក្រុមហ៊ុន T&Y Media ក្រុមហ៊ុន Honda និងក្រុមហ៊ុន Wownow ផងដែរ ៕
ចាន់ វិចិត្រ