សន្តិភាព បាននាំមកនូវការអភិវឌ្ឍ និងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប
ខេត្តកណ្តាល ៖ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីជំរុញអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ គុណភាព និងមានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងដំណើរការឆ្លើយតបទៅនឹងបរិការណ៍ នៃសកលភាវូបនីយកម្ម រីកចម្រើន សូមអរគុណសន្តិភាព ។
ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងជាប្រធានចលនាយុវជនគណបក្សស្រុកល្វាឯម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងឯកឧត្តម ជូ វណ្ណៈ អនុប្រធានក្រុមការងារយុវជនស្រុកល្វាឯម បានលើកឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូចូលរួមអបអរសាទរសង្ក្រានឆ្នាំថ្មីនិងសមភោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យនៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ២០២៣នេះថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។
ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។ ដូច្នេះសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់ខ្នងឫស្សី កុំធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន ដែលបង្ករអស្ថេរភាពក្នុងគ្រួសារនិងសង្គម ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ពោលគឺត្រូវធ្វើជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់ទៅអនាគត ។
ឯកឧត្តម ជាប ដាវុធ បានបន្តថា ដោយផ្អែកលើមូលដ្ឋានអនុវត្តកិច្ចការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា គឺបានពង្រឹងកិច្ចការពារ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការជម្រុញបន្តអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានខ្លាំងក្លា ធានាការរស់នៅសុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនកិច្ចការពារ បង្ការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាត អំពីការបង្កើតចលនាណាមួយ ដែលបង្កភាពវឹកវរក្នុងសង្គមជាដើម ។
តាមរយៈនេះសូមប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សគ្រប់អាយុបោះឆ្នោតទាំងអស់ ត្រូវរៀបចំខ្លួន និងត្រៀមលក្ខណៈសម្បត្តិឲ្យគ្រប់គ្រាន់ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ កក្កដាខាងមុខ ឲ្យបានគ្រប់ៗគ្នា ក្នុងការជ្រើសរើស ដែលយើងគិតថាមានសមត្ថភាព ដើម្បីការជំរុញអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន ជាពិសេសការផ្តល់សេវាសាធារណៈ បានរហ័ស និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា៖ នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ជាប ដាវុធ បានផ្តល់អំណោយជូនដល់លោកគ្រូអ្នកគ្រូដែលបានចូលវិវត្តន៍និងលោកគ្រូអ្នកគ្រូកំពុងបង្រៀនរួមទាំងសិក្សានុសិស្សរួចមក។
ឯកឧត្តជាបដាវុធតំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្នរួមទាំងប្រតិភូរួមដំណើរបានអញ្ជើញកាត់ខ្សែបូសម្ពោធអោយប្រើប្រាស់អាគារបណ្ណាល័យនិងប្រគល់កុំព្យូទ័រ ១០គ្រឿងជូនដល់វិទ្យាល័យផងដែរ។
នៅក្នុងឱកាសនោះដែរឯកឧត្តមជាបដាវុធរួមទាំងប្រតិភូរួមដំណើរក៏បានអញ្ជើញទស្សនាការតាំងពិព័រណ៍ ស្នាដៃរបស់សិស្សានុសិស្សប្រចាំវិទ្យាល័យពាមឧកញ៉ាអុង និងបានចូលរួមក្នុងពិធីអង្គរសង្ក្រាន្ត អបអរសាទរវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ ៕
ដោយ ៖ ស៊ូ ប៊ុនធី