ឯកឧត្តម ហ៊ុន ម៉ានី៖ បាននាំយកសម្ភារកីឡា ជូនអត្តពលិកជនមានពិការភាព សម្រាប់ត្រៀមអាស៊ានបារ៉ាហ្គេម លើកទី១២
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកសម្ភារមួយចំនួន ផ្តល់ជូនអត្តពលិកជនមានពិការភាព សម្រាប់បម្រើដល់ការហ្វឹកហាត់ត្រៀម អាស៊ានបារ៉ាហ្គេម លើកទី១២ នាពេលដ៏ខ្លីខាងមុខ។ ពីធីនេះធ្វើនៅទីស្នាក់ការអគារគណៈកម្មការជាតិតេជោសែន ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអញ្ជើញពិនិត្យមើលពីការហ្វឹកហាត់ របស់អត្តពលិក ជនមានពិការភាព រួមទាំងផ្តល់អនុសាសន៍លើកទឹកចិត្ត ដើម្បីជាស្មារតី ជំរុញឱ្យអត្តពលិកទាំងអស់មានកម្លាំងចិត្ត បន្តប្រឹងប្រែងហ្វឹកហាត់អោយកាន់តែខ្លាំង ដើម្បីស្វែងរកមេដាយជូនជាតិក្នុងនាមម្ចាស់ផ្ទះ។
ឯកឧត្តម បន្តថា « ដូចអ្វីដែលខ្ញុំបានសន្យា កាលពីរួមដំណើរចូលរួមអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ីថា នឹងស្វែងរកសម្ភារ និងឧបករណ៍កីឡា ដើម្បីសម្រួលដល់ការហ្វឹកហាត់របស់បងប្អូនកីឡាករ កីឡការិនី។ ឥលូវសម្ភារមួយចំនួន បានមកដល់ នឹងផ្តល់ជូនសម្រាប់ហ្វឹកហាត់ តែក៏សូមអធ្យាស្រ័យដែលមិនអាចផ្តល់ជូនបានគ្រប់ៗគ្នា អ្វីដែលយើងអាចប្រើប្រាស់ក្នុងការហ្វឹកហាត់បាន គួរបន្តនាំគ្នាប្រើប្រាស់សិន ព្រោះរបស់ចាស់អាចមានភាពស្និតស្នាលស្រួលប្រើជាងរបស់ថ្មី មិនមែនទាល់តែសម្ភារថ្មី មានតម្លៃថ្លៃទើបយើងអាចទទួលបានជោគជ័យនោះទេ តែត្រូវគួបផ្សំជាមួយការតាំងចិត្ត អំណត់អត់ធន់ទើបអាចឈានទៅសម្រេចជោគជ័យបាន» នាអាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។
ឯកឧត្តម ក៏បានក្រើនរំលឹកដល់កីឡាករ-កីឡាការិនីជនមានពិការភាពទាំងអស់ ត្រូវខិតខំហ្វឹកហាត់ទាំងបច្ចេកទេស ជាពិសេសគឺស្មារតីជាក្រុមអោយខ្លាំង ដើម្បីឲ្យយល់ចិត្តគ្នា មានទំនាក់ទំនងគ្នាល្អ ទើបទទួលជោគជ័យបាន។
សូមជម្រាបថា សម្រាប់សម្ភារដែលឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជូនដល់អត្តពលិកជនមានពិការភាព រួមមាន បាល់សម្រាប់អត្តពលិកពិការភ្នែក (Goal Balls) ១ឈុត, បាល់ប៊ូស្យា (ទម្ងន់ទន់,ទម្ងន់មធ្យម) ២ឈុត និងរទេះប្រណាំង (Wheel Chair )ចំនួន ៥គ្រឿង រួមជាមួយគ្រឿងឧបភោគ បរិភោគ និងសម្លៀកបំពាក់មួយចំនួនផងដែរ ៕
ចាន់ វិចិត្រ