ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ

ព្រះសីហនុ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។

ការចុះមកពិនិត្យនិងព្យាបាលជម្ងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ នាពេលនេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនងនិងការផ្សារភ្ជាប់គ្នាដ៏ល្អប្រទេសនិងប្រជាជននៃប្រទេសទាំង២ កម្ពុជា-បារាំង ។ នេះគឺជាគោលនយោបាយថ្នាក់ជាតិ និងជាគោលគំនិតដ៏សប្បុរសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែលើកទឹកចិត្តជានិច្ចដល់អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ឱ្យចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាពដែលអាចធ្វើបាន ក្នុងនោះវិស័យសុខាភិបាលក៏ជាវិស័យអាទិភាពមួយផងដែរ។

លោកស្រី សាត ធារី អ្នកដឹកនាំក្រុមគ្រូពេទ្យបានឲ្យដឹងថា សកម្មភាពនេះបានបង្ហាញឲ្យឃើញពីការខិតខំយកចិត្តទុកបង្ខិតសេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមានក្រុមគ្រូពេទ្យចុះទៅពិនិត្យដោយផ្ទាល់ដល់ទីកន្លែង ពិសេសចាស់ៗដែលពិបាកក្នុងការធ្វើដំណើរ ជាដើម ។

លោកស្រី សាត ធារី បន្តថា នេះស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោល គឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដល់ទីកន្លែង ព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ ហើយសកម្មភាពនេះនឹងនៅតែមានជាបន្តបន្ទាប់ទៀត ។

សូមបញ្ជាក់ថា ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋរយះពេល៣ថ្ងៃ គឺពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner