ប្រធាន កីឡាហែលទឹក កម្ពុជា អះអាងថា ក្រុម បាល់ទឹក ជម្រើសជាតិកម្ពុជាកំពុងអភិវឌ្ឍ សមត្ថភាព ទៅរកភាព ខ្លាំង
ភ្នំពេញ ៖ ក្រុមកីឡាបាល់ទឹកជម្រើសជាតិ កម្ពុជា ទោះបីចាញ់សង្ហបុរីក្នុងជំនួបមិត្តភាពអន្តរជាតិ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិ កន្លងទៅនេះ ប៉ុន្តែប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា វាយតម្លៃថា សមត្ថភាពកំពុង អភិវឌ្ឍ ទៅរកភាពខ្លាំង។
ក្រុមកីឡា បាល់ទឹក ជម្រើសជាតិ កម្ពុជាបានប្រកួតចាញ់ក្រុមបាល់ទឹក សង្ហបុរីក្នុងលទ្ធផល ៩ ទល់នឹង ១៦ សម្រាប់ ការប្រកួតមិត្តភាពអន្តរជាតិកំ ដៅសាច់ដុំត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបាន ប្រកួត នៅអាងហែលទឹក នៅពហុកីឡដ្ឋានជាតិ កាលពីចុងសប្តាហ៍។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានលើកឡើង ថា ការប្រកួតយ៉ាងស្វិតស្វាញក្នុងជំនួបមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទឹកជម្រើសជាតិ កម្ពុជា មួយក្រុមបាល់ទឹកសិង្ហបុរី ទោះបីជាការប្រកួតនេះ ក្រុម កម្ពុជាចាញ់ពិតមែន ប៉ុន្តែចាញ់ក្នុងពិន្ទុប្រដំប្រសងគ្នា។ លទ្ធផលនេះបង្ហាញឲ្យឃើញថា ក្រុមបាល់ទឹកកម្ពុជា កំពុងអភិវឌ្ឍ សមត្ថភាពទៅរកភាពខ្លាំង និងក្លាយជាក្រុមដែលមានសក្កានុពលមួយក្នុងតំបន់នៅពេលខាងមុខ។

ឯកឧត្តម ប្រធានសហព័ន្ធ បានពន្យល់ ថា ក្រុម បាល់ទឹក កម្ពុជា ទើបតែចេញប្រកួតជាលក្ខណៈអន្តរជាតិជាលើកទី១ប៉ុណ្ណ៉ោះ បន្ទាប់ពីបង្កើតបានពី៥ទៅ៦ខែកន្លងមកនេះ។ កីឡា បាល់ទឹកកម្ពុជាបានបាត់វត្តមានពីកម្ពុជា តាំងពីឆ្នាំ១៩៦៥មកម្លេះ ដោយសារសង្គ្រាម។ ការវិលត្រឡប់មកវិញនៃវត្តមានកីឡាបាល់ទឹក របស់ កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ គឺដោយសារកម្ពុជារស់ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា ។

ឯកឧត្តម ជឿជាក់ថា ឆ្លងកាត់ការប្រកួតមិត្តភាពអន្តរជាតិលើកទី១នេះ ក្រុមបាល់ទឹកកម្ពុជា នឹងខិតខំដុះខាត់ជំនាញបំពេញនៅចំណុចខ្វះខាតឈានទៅប្រកួតប្រជែងដណ្តើមបានមេដាយជូនកម្ពុជាក្នុង កីឡាស៊ីហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្រុមបាល់ទឹកជម្រើសជាតិ សិង្ហបុរី នឹងវិលត្រឡប់មកកម្ពុជា ជាថ្មី ដើម្បី ហ្វឹកហាត់រួមគ្នាជាមួយក្រុមបាល់ទឹកកម្ពុជា នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជានតិរហូតបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២៕


អត្ថបទ៖ ជាវ ចន្ធូ និងរូបភាព ជីម ភារ៉ា