ឯកឧត្តម ព្រុំ សុខា ៖សន្លឹកឆ្នោតមានតម្លៃណាស់ ពលរដ្ឋម្ចាស់ឆ្នោត ពិតជាមិនជឿតាមការឃោសនាអកុសលរបស់គណបក្សនយោបាយសន្យាភូតកុហកសោះឡើយ

(ក្រចេះ) ៖ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិក្នុងពិធីសំណេះសំណាលដែលមានការចូលរួមផងដែរពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងមន្រ្តីមួយចំនួនទៀត ដោយបានគូសបញ្ជាក់ថា សន្លឹកឆ្នោតមានតម្លៃណាស់ ពលរដ្ឋម្ចាស់ឆ្នោតពិតជាមិនជឿតាមការឃោសនាអកុសលរបស់គណបក្សនយោបាយសន្យាភូតកុហកសោះឡើយ ។

ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរ និងមន្រ្តីមូលដ្ឋានទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានធ្វើឲ្យមានសុខសុវត្ថិភាពនិងការរីកចម្រើន ដែលជាស្នូល នៃសុខសន្តិភាពនិងអភិវឌ្ឍន៍សង្គមជាតិបច្ចុប្បន្ន ពិសេសការចូលរួមយ៉ាងសកម្មនារយៈពេល៣ឆ្នាំចុងក្រោយរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានក្នុងចលនាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ ដែលបានប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិ មកកាន់ប្រក្រតីធម្មតាឡើងវិញដូចសព្វថ្ងៃ។លើសពីនេះទៅទៀតជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២កន្លងទៅ បានបង្ហាញច្បាស់ពីជំនឿជឿជាក់យ៉ាងរឹងមាំរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ។

ការថ្លែងបែបនេះធ្វើឡើងកាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការី បានចុះទៅជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំទាំង៥ គឺ ឃុំអូរគ្រៀង ឃុំអូរកណ្តៀរសែនជ័យ ឃុំរលួសមានជ័យ ឃុំស្រែជិះ និងឃុំក្បាលដំរី ក្នុងស្រុកអូរគ្រៀងសែនជ័យ ដែលជាស្រុកទើបបង្កើតថ្មីក្នុងខេត្តក្រចេះ នាឱកាសដែលគណបក្សនយោបាយក្នុងឃុំទាំង៥នេះ កំពុងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកអូរគ្រៀងសែនជ័យដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ និងមន្រ្តីមូលដ្ឋានទាំងអស់ត្រូវផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋ ដោយបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ បង្កើតភាពជិតស្និទ្ធជាមួយប្រជាជន ដើម្បីដណ្តើមឱ្យបានទឹកចិត្តគាំទ្រដោយបេះដូងរបស់ប្រជាជនពិតប្រាកដ និងយូរអង្វែង និងធ្វើជាស្នូលឱ្យកំលាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ បន្តពង្រឹងឧត្តមភាពប្រៀបឈ្នះរបស់គណបក្សប្រជាជន ដើម្បីធានាជោគជ័យរាល់ការបោះឆ្នោតតាមបែបប្រជាធិតេយ្យសេរីពហុបក្ស ពិសេសគឺសំដៅឈានឆ្ពោះទៅដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខនេះ ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner