អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កងទ័ពជើងទឹកកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមសមយុទ្ធប្រឆាំងនាវាមុជនៅថ្ងៃទី៣ខែមេសានេះ ដើម្បីជំរុញការប្រឆាំងទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលកំពុងកើនឡើង។
សមយុទ្ធរយៈពេលពីរថ្ងៃនេះ ធ្វើឡើងនៅខណៈដែលកូរ៉េខាងជើងបង្ហាញពីប្រភេទក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់ដាក់នៅសមរភូមិ នាពេលថ្មីៗនេះ ដែលបានជំរុញឱ្យមានការព្រួយបារម្ភថា ប្រទេសនេះអាចធ្វើការសាកល្បងនុយក្លេអ៊ែរ ជាថ្មីឡើងវិញរាប់តាំងពីឆ្នាំ ២០១៧។
ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា សមយុទ្ធដែនសមុទ្រនៅក្នុងដែនទឹកអន្តរជាតិ ក្បែរកោះ ជេជូ(Jeju) ភាគខាងត្បូងរបស់កូរ៉េខាងត្បូង នឹងមានការចូលរួមដោយនាវាផ្ទុកយន្តហោះ USS Nimitz និងនាវាចម្បាំងរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។
សេចក្តីថ្លែងការណ៍របស់ក្រសួងបន្តថា សមយុទ្ធចុងក្រោយនេះត្រូវរៀបចំឡើងដើម្បីបង្កើនសមត្ថភាពរបស់ប្រទេសទាំង៣ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខក្រោមទឹក ដែលបង្កឡើងដោយមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក និងសព្វាវុធផ្សេងៗទៀតរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ការបាញ់មីស៊ីលចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង ជាការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ដោយសារតែវាពិបាកក្នុងការកត់សម្គាល់ការបាញ់បង្ហោះបែបនេះជាមុន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងពីក្រោមទឹកដ៏ទំនើប ហើយថែមទាំងបានជំរុញលើការផលិតនាវាមុជទឹកឱ្យកាន់តែធំជាងមុន រួមទាំងនាវាមុជដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។
កាលពីខែមុន កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលផ្លោងជាច្រើនលើកដើម្បីជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរបស់អាមេរិក និងសម្ព័ន្ធមិត្ត ដែលក្រុងព្យុងយ៉ាងចាត់ទុកថាជា សកម្មភាពយោធា ដែលត្រៀមសម្រាប់ធ្វើសង្រ្គាម។ ការសាកល្បងអាវុធទាំងប៉ុន្មានលើកនោះ រួមបញ្ជូលទាំងការសាកល្បងដ្រូនក្រោមទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងមីស៊ីកបាញ់ពីនាវាមុជទឹក ដែលបង្ហាញថា កូរ៉េខាងជើងកំពុងព្យាយាមធ្វើពិពិធកម្មប្រភេទអាវុធក្រោមទឹករបស់ខ្លួន៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ South Korea, U.S., Japan hold anti-North Korea submarine drill