ចំនួនអ្នកស្លាប់​ដោយសារខ្យល់ព្យុះនៅសហរដ្ឋអាមេរិក មានការ​កើន​ឡើង​

អាមេរិក៖ យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីអាមេរិកបានឱ្យ​ដឹងថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដែលបាន​វាយប្រ​ហារនៅក្នុងទីក្រុងមួយចំនួននៃតំបន់ភាគខាងត្បូង និងភាគកណ្តាលសហរដ្ឋអាមេរិកបានកើ​នឡើងទៅដល់ ៣២នាក់។ នេះបើយោងតាមសារព័ត៌​មាន CNA នៅ​ព្រឹកថ្ងៃទី៣ ខែមេសានេះ។

នាវេលាពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ខ្យល់ព្យុះកំបុតត្បូងមួយបានវាយលុករដ្ឋចំនួនប្រាំបីនៃសហរដ្ឋអាមេរិក ដែលបង្កឱ្យ​មនុស្សជាច្រើនអ្នករងរបួស រាប់សិបនាក់បាត់បង់ជីវិត អគារនិងផ្ទះស​ម្បែងជាច្រើនខ្នង​ទទួលរងការខូចខាត។

​មន្ត្រីប្រចាំការ​នៃ​ទីក្រុង Memphis នៃរដ្ឋTennessee បានឱ្យដឹងថា មនុស្សបីនាក់បានបាត់បង់ជីវិត បន្ទាប់ពី​ដើមឈើបាន​បាក់​ទៅលើ​ផ្ទះរបស់ពួកគេ​​ ហើយមនុស្សពីរនាក់​ផ្សេងទៀត​បានស្លាប់ និងបីនាក់របួស​។ ​ចំណែក​ក្នុងសង្កាត់ Owen នៃ​រដ្ឋ Indiana ប្តីប្រពន្ធមួយគូត្រូវបានគេប្រទះឃើញស្លាប់នៅទីតាំង​បោះជុំរំមួយ​​នាកន្លែងកម្សាន្ត​​ McCormick’s Creek State Park។ ចំណែកអ្នកបាត់បង់ជីវិតចំនួន​ ១៥ នាក់ផ្សេងទៀត ត្រូវបានរាយការណ៍​ពីរដ្ឋ​ Arkansas,​ Illinois,​ Delaware , Mississippi និងរដ្ឋ​Alabama។

ប្រធានា​ធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងភរិយា​បាន​រំលែកទុក្ខ​ទៅកាន់គ្រួសារ​សព និងគ្រួ​សា​រជនរងគ្រោះទាំងអស់ កាលពីថ្ងៃអាទិត្យ​ រួមទាំងផ្តល់នូវ​ជំនួយផ្សេងៗ​ដើម្បីការស្តាឡើងវិញពីការខូខាតនេះ​ផ​ងដែរ។

លោកបៃដិន បាននិយាយថា ៖ «យើងដឹងថាគ្រួសារនៅទូទាំងអាមេរិកកំពុងកាន់ទុក្ខចំពោះការបាត់បង់ម​នុស្សជាទីស្រលាញ់ និងរង់ចាំព័ត៌មាន​ពីអ្នកនៅរស់ ដែលកំពុងតស៊ូចេញពីគំនរបាក់បែក​ និងកន្លែងអា​ជីវ​កម្មរបស់ពួកគេ»។​

បើយោងតាមមជ្ឈមណ្ឌលព្យាករណ៍ព្យុះជាតិបានឱ្យដឹងថា កាលពីថ្ងៃទី២​​ ខែមេសា នៅតំបន់ភាគខាងជើ​ង និងភាគឦសាននៃរដ្ឋតិចសាស ជុំវិញទីក្រុង ដាឡាស និង ហ្វត វូត បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ពីសំណាក់ភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង ឬហៅថា ខ្យល់ព្យុះកំបុតត្បូងខ្លាំងទីពីរ បង្កឱ្យ​អាកាសយា​នដ្ឋានអន្តរជាតិ Dallas Fort Worth ផ្អាកដំណើរការក្នុងការហោះហើរ។

សូមបញ្ជាក់​ថា មជ្ឈមណ្ឌលអាកាសធាតុ ក៏បានព្រមានផងដែរ​ បន្ទាប់ពីការព្យាករណ៍​អាកាសធាតុសម្រាប់ថ្ងៃអង្គារសប្តាហ៍នេះ នៅទីក្រុងឈីកាហ្គោ  និង លីថល រ៉ក នៃ​រដ្ឋ អាកាន់សា អាចនឹងទទួលរងនៅការវា​យ​ប្រាហារ ពីខ្យល់ព្យុះ និងផ្គររន្ទះក្នុងកម្រិតធ្ងន់ផងដែរ៕​

ប្រែសម្រួល៖ឡេង អារីតា

ប្រភព៖ Violent US storms kill at least 32 people

ads banner