សម្ព័ន្ធ​អង្គការ​អូប៉ិច​ ​ប្រកាស​​​ពី​​ការ​​កាត់​​បន្ថយ​​ផលិតកម្ម​ប្រេង​​​ដ៏​​គួរ​​ឱ្យ​​ភ្ញាក់​​ផ្អើល​​ចាប់​​ពី​​ខែ​ក្រោយ​

រីយ៉ាដ៖ អារ៉ាប៊ី​សាអូឌីត​ និង​ក្រុម​ប្រទេស​អ្នក​នាំ​ចេញ​ប្រេងដែល​ជា​សម្ព័ន្ធ​មិត្ត​អង្គការ​នាំ​ចេញ​ប្រេង​អូប៉ិច​បូក​ ​(OPEC +) ​ផ្សេង​ទៀត​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​​​ទី២ ខែ​មេសា​ ​ពី​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ដោយ​​ស្ម័គ្រ​ចិ​ត្ត​ឱ្យ​នៅ​ត្រឹម​ ១,១៥ លាន​បារ៉ែល​ក្នុងមួយថ្ងៃ​ ដោយ​ហៅ​វា​ថា​ជា​ «វិធានការ​ប្រុង​ប្រយ័ត្ន​» ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សា​រ​។ ​

ការ​ប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​ ធ្វើ​ឡើង​ ខណៈ​​ OPEC+ ​ ត្រូវ​បាន​គេ​​រំពឹងកន្លង​មក​​ថា ​នឹង​ប្រកាន់​ខ្ជាប់​នូវ​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ត្រឹម​ ២ លាន​បារ៉ែល​ក្នុងមួយថ្ងៃ ដែល​​ព្រម​ព្រៀង​​គ្នា​កាល​ពីខែ​​តុលា​​ឆ្នាំ​មុន។ ​

ការ​ព្រម​ព្រៀង​ក្នុង​ប្លុក​ ​​ដែល​រួម​មានប្រទេស​នៃ​​អង្គការ​អូប៉ិច​ចំនួន​ ១៣​​ និង​ប្រទេស​សម្ព័ន្ធ​​ចំនួន​ ១០ ផ្សេង​ទៀ​ត​​​ដឹក​នាំ​ដោយ​រុស្ស៊ី ​​​កាល​ពី​លើក​នោះ​ បាន​រង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​​អាមេរិក​ ដែល​​លើក​ឡើ​ង​ថា​ ​ការ​កាត់​បន្ថយ​អាច​ធ្វើ​ឱ្យ​ប្រេង​ឡើង​ថ្លៃកាន់​តែ​ខ្លាំង​​ ​ហើយ​ពិភព​លោក​ត្រូវ​ការ​តម្លៃ​ប្រេង​ទាប​ ដើម្បី​គាំ​ទ្រ​ដល់​​កំណើន​សេដ្ឋកិច្ច​ និង​ទប់​ទល់​កុំ​ឱ្យ​រុស្ស៊ី​អាច​រក​ប្រាក់​ចំណូល​​បាន​​ច្រើន​ពី​ការ​នាំ​ចេញ​ប្រេង​​ ដើម្បី​យ​ក​​ទៅ​ប្រើ​ជា​មូលនិធិ​ជួយ​ដល់​សង្រ្គាម​ឈ្លាន​ពាន​​នៅ​អ៊ុយក្រែន​។

ការ​​ប្រកាស​​​នៅ​ថ្ងៃ​អាទិត្យ​ ដែល​នឹង​ចូល​ជា​​ធរមាន​តាម​ការ​ស្ម័គ្រ​ចិត្ត​របស់​ប្រទេស​សមាជិក​នីមួយ​ៗ​ គឺ​ជា​​កា​រ​កាត់​បន្ថយ​បន្ថែម​កាល​ពី​ខែ​តុលា​។

​យោង​តាម​សេចក្ដីថ្លែងការណ៍​ផ្លូវ​ការ​អារ៉ាប់ប៊ីសាអូឌីត​ បាន​និយាយ​ថា​ ខ្លួន​នឹង​កាត់​បន្ថយ​ទិន្នផល​ប្រេង​​មក​ត្រឹម​ ៥០០ ០០០ បារ៉ែល​ក្នុងមួយថ្ងៃ​ ខណៈ​អ៊ីរ៉ាក់​ថា​នឹង​កាត់​បន្ថយ​មក​ត្រឹម​ ២២១ ០០០ បារ៉ែល​ក្នុងមួយ​ថ្ងៃ​។

​ប្រទេស​ផ្សេង​ទៀត​ ដែល​ស្ម័គ្រ​ចិត្ត​កាត់​បន្ថយ​ផលិត​កម្ម​រួ​ម​មាន​​អេមីរ៉ាត់​អារ៉ាប់​រួម​ កូវ៉ែត​ អូម៉ង់​ អាល់ហ្សេ​រី​ និង​កាហ្សាក់ស្ថាន​។ ​ចំណែក​ឯ​រុស្ស៊ី​វិញ​និយាយ​ថា​ ទីក្រុង​មូស្គូ​ក៏​នឹង​​​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​មក​ត្រឹម​ ៥០០ ០០០ បារ៉ែល​ក្នុងមួយថ្ងៃ​ រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០២៣​ ផង​ដែរ​។

​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ថា​ រុស្ស៊ី​ធ្លាប់​បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​ផលិតកម្ម​ក្នុង​ខែ​កុម្ភៈ​ជា​ឯកតោភាគី​​ម្ដងរួច​​មក​ហើយ។ ​ ក្រោយ​ការ​ប្រកាស​កាល​ពី​លើក​នោះ​​ មន្ត្រី​អាមេរិក​បាន​និយាយ​ថា​ សម្ព័ន្ធ​ភាព​រ​បស់​រុស្ស៊ី​​ជាមួយ​សមាជិក​​ OPEC+ ​ផ្សេង​ទៀត​កំពុង​ចុះ​ខ្សោយ​ ប៉ុន្តែ​ការ​​ប្រកាស​រួម​​កាល​ពី​ថ្ងៃ​អាទិត្យ​ បង្ហាញ​ថា​ ​​កិច្ច​សហប្រតិបត្តិការ​របស់​រុស្ស៊ី​នៅ​តែ​រឹង​មាំ​។​

ជុំ​វិញ​​វិធាន​ការ​ចុង​ក្រោយ​នេះ​ផង​ដែរ​ ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវ​ការ​របស់​អារ៉ាប៊ីសាអូឌីត​ បាន​រាយការណ៍​ថា​ ​មន្ត្រី​ក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត​ បាន​សង្កត់​ធ្ងន់​ថា​ វា​គឺ​ជា​វិធាន​ការ​ប្រុង​ប្រយ័ត្ន​មួយ​ក្នុង​គោល​បំ​ណង​គាំទ្រ​ដល់​ស្ថិរភាព​នៃ​ទីផ្សារ​ប្រេង​។

គួរ​បញ្ជាក់​ថា​ តម្លៃ​ប្រេង​បាន​ធ្លាក់​​​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈ​ពេល​ ១៥ ខែ​ កាល​ពី​ខែ​មុន​ បន្ទាប់​ពី​វិបត្តិ​ធ​នាគារ​នៅ​អាមេរិក។ ​ ​​ស្ថាបនិក ​និង​ជា​នាយក​នៃ​ក្រុមហ៊ុន​​ទិន្នន័យ​​ Energy Aspects លោក​ ​Amrita Sen ​​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ «​អង្គការ​ OPEC ​កំពុង​ចាត់​វិធានការ​ទប់​ស្កាត់​ជា​មុន​ ក្នុង​ករណី​មាន​ការ​ថយ​ចុះ​តម្រូវ​ការ​ណា​មួយ​»៕

ប្រែសម្រួល៖ ហួន ឌីណា

ប្រភព​៖ OPEC+ oil alliance announces surprise production cuts from May

ads banner