ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ មានការធ្លាក់ចុះ ខណៈតម្លៃស្ករត្នោតមានការកើនឡើងក្នុងឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សមាគមស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ថ្វីត្បិតតែការបញ្ជាទិញផលិតផលស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំនេះមានការថយចុះប្រ​មាណ២០តោន ធៀបនឹងការបញ្ជាទិញកាលពីឆ្នាំ ២០២២ ក៏ពិតមែន តែមិនមានផលប៉ះពាល់ដល់អ្នកផលិតស្ករត្នោតក្នុងខេត្តកំ​ពង់ស្ពឺនោះទេ ខណៈតម្លៃស្ករត្នោតឆ្នាំនេះក៏ល្អប្រសើរជាងឆ្នាំមុនដែរ។

លោក វី វាសនា អគ្គលេខាធិការសមាគមស្ករត្នោតកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅថ្ងៃទី​៣ ខែមេសា ថា ការបញ្ជាទិញផលិតផលស្ករត្នោតកំពង់ស្ពឺ ដែលជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) ពីទីផ្សារក្រៅប្រទេសនៅក្នុងឆ្នាំនេះ មានចំនួនប្រមាណ១៣០តោន ខណៈដែលកាលពីឆ្នាំមុន ការបញ្ជាទិញមានប្រមាណ ១៥០តោន មានការធ្លាក់ចុះប្រមាណ២០តោន បើធៀបនឹងការបញ្ជាទិញកាលពីឆ្នាំ២០២២ កន្លងទៅ។

ទោះយ៉ាងណាក៏ដោយ លោកបានអះអាងថា ការធ្លាក់ចុះនៃការ​បញ្ជាទិញនេះ មិនមានបញ្ហាចោទ​​សម្រាប់ទីផ្សារស្ករត្នោតកំពង់ស្ពឺនោះទេ ព្រោះថាកន្លងទៅការផលិតស្ករត្នោតកំពង់ស្ពឺមិនទាន់បំពេញតម្រូវការនៃការបញ្ជាទិញបាននៅឡើយ។

លោក វី វាសនា បានបញ្ជាក់ថា ៖ «ដូចយើងដឹងស្រាប់ហើយ នាពេលបច្ចុប្បន្ននេះ ស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិ​ច្ចសកលលោក បានធ្វើឱ្យប៉ះពាល់ស្ទើរគ្រប់វិស័យ ក្នុងនោះការបញ្ជាទិញស្ករត្នោតយើងក៏មានបញ្ហាខ្លះដែរ ហើយមានតែក្រុមហ៊ុ​ន​ប្រទេសបារាំងប៉ុណ្ណោះ ដែលបានផ្អាកការបញ្ជាទិញស្ករតោ្នតកំពង់ស្ពឺក្នុងឆ្នាំនេះ និងខ្លះទៀតបញ្ជាទិញក្នុងបរិមាណតិចជាងមុន»។

លោកបានបន្ថែមថា ក្រុមហ៊ុនដែលបានផ្អាកការបញ្ជាទិញនោះ ដោយសារតែក្រុមហ៊ុននៅសល់ស្ករត្នោតសម្រាប់ប្រើប្រាស់ក្នុងស្តុកច្រើន ព្រោះក្រុមហ៊ុនបានបញ្ជាទិញប្រមាណ១០តោនកាលពីឆ្នាំមុន និងបញ្ហាមួយចំនួនទៀត អាចថាដោយសារតែបញ្ហាវិបត្តិសកល។ លោកបញ្ជាក់ទៀតថា មកទល់ពេលនេះការនាំចេញស្ករត្នោតកំពង់ស្ពឺទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង៣​០តោនហើយ។

ចំពោះតម្លៃស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះវិញ លោក វី វាសនា បាននិយាយថា តម្លៃស្ករត្នោតកំពង់ស្ពឺឆ្នាំនេះមានការកើនឡើងប​ន្តិច ដោយស្ករត្នោតប្រភេទម្សៅមានតម្លៃ ៧,៣០០រៀល ក្នុងមួយគីឡូក្រាម មានការកើនឡើង ៣០០ រៀល បើធៀបនឹងតម្លៃកា​លពីឆ្នាំមុន។

ចំណែកលោក ហៃ លី​អ៊ាង អគ្គនាយក​ក្រុមហ៊ុន ខន​ហ្វី​រ៉ែ​ល ដែលជា​ក្រុមហ៊ុននាំចេញ​ផលិតផល​ស្ករ​ក​ត្នោត​កំពង់ស្ពឺ​ដ៏​ធំ​មួយ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការបញ្ជាទិញ​ស្ករត្នោត​កំពង់ស្ពឺរបស់ក្រុមហ៊ុនលោក ពីខាងសមាគមស្ករត្នោតកំពង់ស្ពឺក្នុងឆ្នាំនេះកើនជាងឆ្នាំមុន ដោយសារតែក្រុមហ៊ុនលោកមានតម្រូវការស្ករត្នោត ទៅកែច្នៃជាផលិតផលផ្សេងៗច្រើន ដូចជាស្រាជាដើម។

ដោយសារតែ​រសជាតិ និង​គុណភាព នៅ​ទីផ្សារ​អន្តរជាតិ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុនរបស់លោក បង្កើនការទិញស្ករពីសមាគម  ខណៈដែលក្រុមហ៊ុនក៏មានក្រុមអ្នកផលិតស្ករត្នោតផ្ទាល់ផងដែរ និងថែមទាំងបន្ថែមការបញ្ជាទិញស្ករ​ត្នោតពីខាងឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមថែមទៀត។

លោកបានបញ្ជាក់ថា ៖ «ការបញ្ជាទិញស្ករពីសមាគម​ខាងក្រៅប្រទេសមានការធ្លាក់ចុះមែន តែក្រុមហ៊ុនខ្ញុំមិនបានកា​ត់បន្ថយការបញ្ជាទិញនោះទេ មានតែបង្កើន។ ការបង្កើនបរិមាណនេះ​ ដោយសារតែអថិជនយើងនៅក្រៅប្រទេសបញ្ជាទិញពី​យើងច្រើនដែរ ទាំងស្ករត្នោតដែលរួមមាន ស្ករសាច់ ស្ករម្សៅ និងស្ករស៊ីរ៉ូ។ ម្យ៉ាងវិញទៀត យើងបានបង្កើនការ​ផលិតកែច្នៃពីស្ក​រត្នោតឡើងដល់៣០មុខ ទើបយើងមានតម្រូវការស្ករត្នោតច្រើន»។

លោក ហៃ លីអ៊ាង បន្ថែមទៀតថា ស្ករត្នោតកំពង់ស្ពឺ ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ខាង​ទីផ្សារ​អឺរ៉ុប ថា​ជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ខុសពី​ស្ករត្នោត​ដែល​លក់​នៅ​ទីផ្សារ​ក្នុងស្រុក ហើយក្រុមហ៊ុន ខុនហ្វ្រែល(Confirel) បាន​ទិញ​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​ក្នុង​បរិមាណ​ប្រមាណ​ជាង ១០០ តោន ជា​រៀងរាល់ឆ្នាំ ដោយ​បរិមាណ​នេះ ប្រហែល ៦០ភាគរយ សម្រាប់​នាំចេញ​ទៅកាន់ ស​ហ​ភាព​អឺរ៉ុប អាម៉េរិក និង​ជប៉ុន។

បើតាមអគ្គលេខាធិការសមាគមស្ករត្នោតកំពង់ស្ពឺ បញ្ហាប្រឈមសម្រាប់ការផលិតស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ គឺការធ្លាក់ចុះចំនួនអ្នកឡើងត្នោត បន្ទាប់ពីពួកគេបានបោះបង់ការងារនេះ  និងបញ្ហាអាកាសធាតុ ដែលមានការធ្លាក់ភ្លៀងកាលពីដើមឆ្នាំ ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមូលផលទឹកត្នោត។

ស្ករត្នោតកំពង់ស្ពឺចាប់ផ្តើមប្រមូលផលពីខែវិច្ឆិកា ដល់ខែឧសភា។ ស្ករត្នោតកំពង់ស្ពឺមានបួនប្រភេទរួមមាន ស្ករពាង ស្ករផែន ស្ករល្ង និងស្ករម្សៅ ឬស្ករហុយ៕

ដោយ៖វណ្ណ សុជាតា

ads banner