សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋ និងភ្ញៀវបរទេស មិនត្រូវការ បង់ថ្លៃណាមួយឡើយក្នុងការចូលទស្សនាស៊ីហ្គេម តែក៏ត្រូវមាន សំបុត្រ ដើម្បីងាយស្រួលរកកន្លែងអង្គុយ និងបញ្ចៀសស្ថានភាព គ្រោះថ្នាក់ផ្សេងៗ
ភ្នំពេញ៖ប្រជាពលរដ្ឋ និងភ្ញៀវបរទេស មិនត្រូវការបង់ថ្លៃណាមួយ ឡើយក្នុងការចូលទស្សនាស៊ីហ្គេម តែក៏ត្រូវមានសំបុត្រ ដើម្បីងាយ ស្រួលរកកន្លែងអង្គុយ និងច្រកសម្រាប់ចេញ-ចូលដែរ ។ នេះជា បញ្ជាក់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារ សាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។

នៅក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា ប្រជាពលរដ្ឋ និងភ្ញៀវបរទេស ដែលចូលទស្សនាស៊ីហ្គេម មិនត្រូវទ ទួលការបង់ថ្លៃណាមួយឡើយ ។

សម្ដេចបន្តថា ដើម្បីគ្រប់គ្រងសណ្ដាប់ធ្នាប់នៅកន្លែងប្រកួតឱ្យបានល្អ អ្នកចូលទស្សនាស៊ីហ្គេមទាំងអស់ នឹងទទួលបានសំបុត្រម្នាក់ មួយ សន្លឹក ដោយមិនមានគិតកម្រៃ ដើម្បីងាយស្រួលរកកន្លែងអង្គុយច្បាស់ លាស់ និងងាយស្រួលរកច្រកសម្រាប់ចេញ-ចូល ព្រោះដើម្បីសម្រួល ដល់ការលំបាកចំពោះអ្នកចូលទស្សនា បញ្ចៀសការប្រជៀតគ្នា និង ស្ថានភាពគ្រោះថ្នាក់ផ្សេងៗ។

សម្ដេចតេជោ ក៏បានបញ្ជាក់ដែរថា ការលក់សិទ្ធិផ្សាយផ្ទាល់ផងដែរ ព្រោះថា ពេលនេះ កម្ពុជា ត្រូវការឱ្យពិភពលោកស្គាល់ប្រទេសនេះ។ តម្រូវការចាំបាច់របស់យើងនាពេលនេះ គឺមិនមែនលក់សំបុត្រ ឬ សិទ្ធិផ្សាយទេ គឺតម្រូវការឱ្យពិភពលោកស្គាល់ពីកម្ពុជាតែម្ដង។

សូមរំលឹកថា ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសប្រាប់ ដល់អ្នកដែលបានទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ឱ្យយក សំបុត្រទៅប្ដូរយកប្រាក់មកវិញ ហើយអ្នកដែលលក់សំបុត្រត្រូវ ទទួល ខុសត្រូវ សងលុយជូនប្រជាពលរដ្ឋវិញ ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ រៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក៏បានចេញសេចក្តីជូនដំណឹងជាផ្លូវការ នៅ ថ្ងៃទី៣១ ខែមីនា ពីការអនុញ្ញាតឱ្យចូលទស្សនាការប្រកួត និង ផ្តល់ សិទ្ធិផ្សព្វផ្សាយ ដោយមិនគិតថ្លៃ។
សេចក្តីជូនដំណឹងបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេច៖
១៖ ការចូលទស្សនាព្រឹត្តិការណ៍បើក-បិទ និងការប្រកួតគ្រប់ ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ និងអន្តជាតិ។ ២៖ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្តល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស ផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ